គ្រួសារលោក គង្គ ប៊ុនឈឿន ចេញមុខថាឲ្យទាំង នាយចឺម និងផលិតករ ដែលយកបទភ្លេងទៅច្រៀងហើយមិនដាក់ឈ្មោះម្ចាស់ដើមទៀត

បទចម្រៀងថ្មីរបស់ នាយចឺម ដែលមានចំណងជើងថា “អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា” កំពុងទទួលបានការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន។ ដោយបទចម្រៀងនេះគឺមាន Melody ពីបទចម្រៀងមរតកដើម ពោលគឺបទ “នឹកភូមិភ្នំធំ” ដែលជាការនិពន្ធដោយកវីលោក គង្គ ប៊ុនឈឿន ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនទទួលយកមិនបាននោះគឺខាងផលិតកម្មមិនបានដាក់ថានិពន្ធដោយមរតកដើមឡើយ។

ជាក់ស្តែងណាស់អ្នកដឹកនាំសម្តែងលោក មុត ថារី ជាកូន​ប្រសារ​​លោក គង្គ ប៊ុនឈឿន បានបង្ហាញនូវប្រតិកម្មមិនពេញចិត្តចំពោះរឿងរ៉ាវនេះ ដោយលោកបានសរសេររៀបរាប់ថា៖ “លោកអានាយជេីម ជ្រេីមខុសក្បួន ឈប់បានឈប់ទៅ ស្រែកលូដូចសត្វសុនកត្រូវមួយដំបង លួចចម្លងបទភ្លេងរបស់គេ​ អួតនិពន្ធខ្លួនឯង ឈប់ជ្រេីមបានឈប់ជាបន្ទាន់ទៅ។ គិតថាមិនចង់លូកមាត់ទេតែគិតទៅវាជ្រេីមជ្រុល”។ លោកក៏បានបន្ងែមទៀតថា៖ “អ្វីដែលខ្ញុំចង់សរសេរថ្ងៃនេះគឺប្រាប់ទៅដល់ផលិតករ និងអ្នកច្រៀងថា បេីយកបទភ្លេងឬទំនុកច្រៀងនៃមរតកដេីមមកធ្វេីអាជីវកម្មត្រូវតែប្រាប់ឬសរសេរឈ្មោះអ្នកនិពន្ធដេីមផងទៅ។ អស់លោកមិនថោកទាបទេដែលប្រាប់ឈ្មោះម្ចាស់ដេីមគេ ហេីយលោកក៏មិនថ្លៃថ្នូរមានកិត្តិយសស្អីដែរនៅពេលដែលលួចស្នាដៃគេថាជារបស់ខ្លួននោះ”។

គួររំលឹកផងដែលថា​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់​សិទ្ធ​គ្រប់​គ្រង​ស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង​៤១​បទ​របស់​លោក គង្គ ប៊ុនឈឿន ទៅ​ឲ្យ​ភរិយាលោក គង្គ ប៊ុនឈឿន ​ជា​អ្នក​គ្រប់​គ្រង។ លោក មុត ថារី ដែលជាកូនប្រសារក៏ធ្លាប់បានសំណូមពរដល់ផលិតករទាំងអស់បញ្ឈប់ជាបន្ទាន់រាល់ការកាឡៃបទចម្រៀងដើម មកធ្វើជាស្នាដៃរបស់ខ្លួន៕