ផ្លូវល្បឿនលឿនធ្វើដំណើរពីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ បើកការដ្ឋានឆាប់ៗនេះ មានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ និងមានកន្លែងឈប់សម្រាកទៀត

យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿន (Express way) ធ្វើដំណើរពីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នេះហើយ។ ក្រសួងបានបញ្ជាក់ផងដែរថា ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាក ដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ។ ខាងក្រោមនេះគឺជារូបគម្រូផ្លូវល្បឿនលឿន៖