ច្រឡំហ្ការថាហ្វ្រាំងជាន់មួយទំហឹងបុក២នាក់ប្តីប្រពន្ធផ្ទប់ជញ្ជាំងធ្វើអោយស្លាប់ប្តី និងប្រពន្ធរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ រថយន្តតាក់ស៊ីមួយគ្រឿង ពេលឈប់ អ្នកបើកបរដោះលេខ ច្រឡំដាក់លេខN បណ្ដាលឲ្យឡានរអិលថយក្រោយតែឯង ភ្លាមៗនោះម្ចាស់រត់ទៅបើកទ្វារចូលបំណងជាន់ហ្វ្រាំង ស្រាប់តែច្រឡំជាន់ហ្ការ រថយន្តក៍ស្ទុះទៅបុកប្តីប្រពន្ធពីរនាក់ផ្ទប់ជញ្ជាំងផ្ទះ បណ្ដលឲ្យស្លាប់ប្តី ឯប្រពន្ធរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវសេរីភាព ត្រង់ចំណុចមុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ជាប្ដី និងប្រពន្ធឈ្មោះ ទៀង ហុង អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសធ្ងន់។

ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
មុនពេលកើតហេតុ គេឃើញរថយន្ត០១គ្រឿងម៉ាក HIGHLANDED ពាក់ស្លាកលេខភ្នំពេញ2AJ-1584 ដឹកភ្ញៀវពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ។ ពេលដាក់ភ្ញៀវចុះអស់ហើយ អ្នកបើកបរបានបើកឈប់នៅមុខផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង ។

ពេលឈប់រថយន្ត ដាក់លេខN រថយន្តក៏រអិលថយក្រោយ អ្នកបើកបរឃើញដូចនេះ ក៍រត់ទៅបើកទ្វារចូលបំណងជាន់ហ្វ្រាំង ស្រាប់តែច្រឡំជាន់ហ្ការ រថយន្តក៍ស្ទុះទៅបុកប្តីប្រពន្ធពីរនាក់ផ្ទប់ជញ្ជាំងផ្ទះ បណ្ដលឲ្យស្លាប់ប្តី ឯប្រពន្ធរបួសធ្ងន់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងបាននាំខ្លួនអ្កបើកបររថយន្តបង្ក មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ចំណែកសាកសព បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯស្រ្តីជាប្រពន្ធរងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

ប្រភព៖ KBN