ចឹងបានហ្វេសប៊ុកចេញពាណិជ្ជកម្មគ្រប់កន្លែង! មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ខាតបង់ប្រាក់ចំនួន ៩ពាន់លានដុល្លារក្នុងឆ្នាំនេះ

បើយោងតាមបញ្ជីឈ្មោះអ្នកមានបំផុតរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Jeff Bezos នៅតែបន្តជាប់ឈ្មោះជា មហាសេដ្ឋីលំដាប់លេខ ១ នៅលើលោក ខណៈលោក Bill Gates និងលោក Warren Buffett ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និង ៣ ដេញពីក្រោយ។ ចំណែកប្រធានាធិបតីអាមេរិកលោក Donald Trump វិញលោតឡើងបាន ៥១ចំណាត់ថ្នាក់ គឺពីលេខ ៧៦៦ នៅឆ្នាំមុន មកលេខ ៧១៥ ក្នុងឆ្នាំនេះ។ ចំណែកស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg ធ្លាក់ចំណាត់ថ្នាក់ពីលេខ ៥ មកដល់លេខ ៨ ក្នុងឆ្នាំនេះ។

យោងតាមការប្រកាសកាលពីថ្ងៃអង្គារ ដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Jeff Bezos វ័យ ៥៥ឆ្នាំ បានកើនឡើង ១៩ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុប ១៣១ពាន់លានដុល្លារ។ ចំណែកចំណាត់ថ្នាក់ទី ២ លោក Bill Gates វ័យ ៦៣ឆ្នាំ បានកើនទ្រព្យសម្បត្តិបន្ថែម ៦.៥ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុប ៩៦.៥ពាន់លានដុល្លារ ខណៈចំណាត់ថ្នាក់ទី ៣ លោក Warren Buffett បានខាតបង់ទ្រព្យសម្បត្តិ ១.៥ពាន់លានដុល្លារ មកនៅសល់ត្រឹម ៨២.៥ពាន់លានដុល្លារ។

ចំពោះលោក ដូណាល់ ត្រាំ វិញទ្រព្យសម្បត្តិរបស់គាត់គឺនៅតែមាន​ ៣.១ពាន់លានដុល្លារ ដដែលខណៈលោក Mark Zuckerberg ខាតបង់ដល់ទៅ ៩ពាន់លានដុល្លារ ឆ្នាំនេះ៕ យ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ មិនមែនជាមន្ត្រីជាប់ឆ្នោតអាមេរិក ដែលមានជាងគេបំផុតនោះទេ! កិត្តិយសនេះគឺបានទៅលោក JB Pritzker ដែលជាអ្នកប្រជាធិបតេយ្យ ដែលបានកាន់តំណែងជាអភិបាលរដ្ឋ Illinois កាលពីខែមករា។ លោក Pritzker ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិ ៣.២ពាន់លានដុល្លារ៕

ប្រភព៖ Khmer Note