ក្រោយពីបង្ហាញរិទ្ធិតាមដងផ្លូវរួចមក ឥឡូវក្មេងស្ទាវ ៧នាក់ត្រូវបានជាប់ទ្រុងហើយ

រាជធានីភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ត្រូវក្មេងស្ទាវមួយក្រុមទៀតមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង ប្រដេញតាមពីក្រោយ និងធាក់ទៅលើក្រុមស្ទាវគ្នា៥នាក់នោះ ហើយដេញវាយ ធាក់គ្នាប្រសាចតាមដងផ្លូវ បង្កភាពចលាចល ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីទី១ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់នោះ គឺទី១ ឈ្មោះ គួយ ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី២ ឈ្មោះ មៀច ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី៣ ឈ្មោះ ទូច ថាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី៤ ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទាំង៤នាក់មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ចំណែកភាគីទី២ ឃាត់ខ្លួនបាន៣នាក់ គឺទី១ ឈ្មោះ មួន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ។ ទី២ ឈ្មោះ វ៉ាន់ រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទី៣ ឈ្មោះ សន ដាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទាំង៣នាក់ មានទីលំនៅភូមិពានអន្សា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

មុនពេលកើតហេតុ ក្រុមក្មេងដែលមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង។ លុះមកដល់ចំណុច ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀត ដែលមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង ប្រដេញតាមពីក្រោយ ។

លុះមកដល់ទន្ទឹម បានស្រែកគម្រាម និងធាក់ទៅលើក្រុមស្ទាវគ្នា៥ ស្រែកទ្រហឹងអឺងកងពេញតាមដងផ្លូវ រួចដេញវាយ ធាក់គ្នា បណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ផ្អើលដល់សមត្ថកិច្ចផ្អើល២ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដេញតាមស្ទាក់ ចាប់ឃាត់បានជាបន្តបន្ទាប់ចំនួន៧នាក់ ក្នុងនោះភាគីក្មេងស្ទាវ៥នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ រត់គេចរួចម្នាក់។ ចំណែកភាគីខាងក្មេងស្ទាំវ៩នាក់ សមត្ថកិច្ចឃាត់បាន៣នាក់ រត់រួច ៦នាក់ ៕

ប្រភព៖ KBN