អ្នកណាថាបារីមិនអាចជួយជីវិតមនុស្ស! បារីមួយដើមអាចជួយបុរសម្នាក់ប្តូរចិត្តពីការសម្លាប់ខ្លួន

ម៉ាឡេស៊ី៖ ក្រុមអ្នកពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់របស់ម៉ាឡេស៊ីមួយក្រុមបានប្រើប្រាស់បារីមួយដើម ដើម្បីលួងលោមបុរសម្នាក់ពីការលោតទឹកសម្លាប់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ យប់ ថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ នៅលើស្ពានមួយកន្លែងក្នុងក្រុង​ Muar រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ។ បុរស ដែលមានបំណងលោតសម្លាប់ខ្លួននោះមានអាយុ ៣០ ឆ្នាំ ហើយគេមិនបានដឹងទេថា គាត់ពិបាកចិត្តរឿងអីទើបមកស្លាប់ខ្លួនដូចនេះ។ អ្វីដែលគេបានឃើញនោះគឺគាត់បានជិះម៉ូតទៅឈប់នៅកណ្តាលស្ពាន ឈរសោកសៅមួយសន្ទុះ និងមានបំណងចង់លោតសម្លាប់ខ្លួនតែម្តង។

ដោយមើលឃើញដូចនេះ ក្រុមអ្នកជួយសង្គ្រោះបានទៅដល់ និងព្យាយាមនិយាយលួងលោមគាត់មួយសន្ទុះធំ តែមិនអាចប្តូរចិត្តគាត់បានទាល់តែសោះ។ បន្តិចក្រោយមក អ្នកពន្លត់អគ្គីភ័យម្នាក់បាននិយាយ តើលោកចេះជក់បារីចង់ជក់បារីដែរឬទេ ជក់បារីមួយដើមសិនទៅចាំគិតទៀត ? ពេលនោះបុរសដែលមានបំណងលោតសម្លាប់ខ្លួននោះក៏បានមកយកបារី ហើយក៏ត្រូវក្រុមអ្នកពន្លត់អគ្គីភ័យចាប់មិនឲ្យលោតទឹកបានសម្រេច ហើយក្រោយមកគាត់ក៏បានប្តូរចិត្តលែងសម្លាប់ខ្លួន និងឡើងជិះម៉ូតូទៅវិញបាត់៕

ប្រភព៖ Khmer Note