ល្បិចថ្មីមកមួយទៀតហើយ! លោក Scott Neeson ផ្តាំអាណាព្យាបាលអោយប្រុងប្រយ័ត្ន​ព្រោះជនល្មោភកាមប្រើល្បិចល្បួងក្មេងស្រីប្រាប់ថាម្តាយគ្រោះថ្នាក់ចរាចរណ៍ រួចដឹកចេញពីសាលាយកទៅរំលោភ

លោក Scott Neeson ជា​ស្ថាបនិក​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បានប្រកាសឲ្យអាណាព្យាបាល ព្រមទាំងខាងសាលារៀន ឲ្យបង្កើនការប្រុងប្រយ័ត្នក្រោយពេលដែលមានករណី ជនសង្ស័យមួយរូប បានប្រើល្បិចល្បួងកុមារីជាសិស្សសាលាយកទៅរំលោភ។

ដោយលោកបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី០៥​ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជា៨ព្រឹក កុមារីអាយុ៨ឆ្នាំម្នាក់ ត្រូវបានអ្នកផ្ទះជូនមករៀននៅសាលាម្តុំទូលគោក។ លុះពេលកុមារីរូបនោះកំពុងធ្វើដំណើរសំដៅទៅថ្នាក់រៀន ក៏មានបុរសម្នាក់អាយុប្រហែលជា១៨ឆ្នាំ ធ្វើដំណើរឲ្យម៉ូតូ Zoomer-X ពណ៍ក្រហម លាយខ្មៅ មានសម្បុរ ស ធាត់ ខ្ពស់​និងមានភ្នែកធំៗ ពាក់អាវយឺតពណ៍ក្រហម និងស្លៀកខោខូវប៊យ បានហៅកុមារីរងគ្រោះដោយប្រាប់ថា​ម្តាយនាងមានគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់។ ជនសង្ស័យរូបនោះក៏បានដឹកក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់មួយ រួចដាក់ថ្នាំហើយរំលោភសេពសន្ថវៈលើកុមារីរងគ្រោះ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានទម្លាក់កុមារីចោលនៅម្តុំបឹងទំពន់។

ហេតុការណ៍នេះត្រូវបានជនសង្ស័យប្រើប្រាស់កន្លងមក ដូច្នេះសូមធ្វើការផ្សព្វផ្សាយដល់អាណាព្យាបាលរបស់កុមារទាំងអស់ឲ្យបានទូលំទូលាយ ដោយមិនត្រូវឲ្យកុមារទៅណាជាមួយមនុស្សមិនស្គាល់ និងរាយការណ៍ជូនលោកគ្រូអ្នកគ្រូរបស់ពួកគេចំពោះបុគ្គលដែលសង្ស័យព្រមទាំងហេតុការណ៍ផ្សេងៗដែលអាចផ្តល់ហានិភ័យដល់កុមារ។ លោក Scott Neeson ក៏បានសំណូមពរឲ្យខាងសាលារៀនគួរតែមានកាមេរ៉ាសុវត្ថិភាព និងពិនិត្យដំណើរការរបស់កាមេរ៉ាឲ្យបានល្អ៕