ទោះជាត្រូវគេមើលងាយយ៉ាងណាក៏ប្អូនៗមួយក្រុមនេះព្យាយាមសម្អាតបរិស្ថានអោយបានស្អាតនៅម្តុំលូទឹកស្អុយបឹងត្របែក

កាលពីថ្មីៗនេះ ករណីយុវជនមួយក្រុមដើរប្រមូលសំរាមនៅម្តុំលូទឹកស្អុយបឹងត្របែក ហាក់កំពុងតែធ្វើឲ្យរង្គោះរង្គើដល់បងប្អូនប្រិយមិត្តនៅក្នុងបណ្តាញសង្គម​ ដោយពេលនេះដែរពួកគាត់កំពុងត្រូវការការឧបត្ថមដូចជាបាវ និងការ៉ុងសម្រាប់ច្រកសម្រាម។ បើទោះបីជាអ្នកចូលរួមអំពើដែលជាគំរូល្អមួយនេះហាក់នៅមានចំនួនតិចតួចក៏ដោយ តែចិត្តដែលស្នេហា និងឆន្ទៈដែលចង់ឲ្យទីក្រុងរបស់យើងស្អាតពីយុវជនមួយក្រុមនេះហាក់មិនរាថយ ឬបោះបង់ចោលឡើយ។ ពួកគេនៅតែចំណាយពេលវេលាផ្ទាល់ខ្លួន និងកម្លាំងដែលខ្លួនមានដើម្បីបន្តធ្វើការសម្អាតប្រព័ន្ធលូទឹកស្អុយមួយនេះ។

បញ្ជាក់ឲ្យដឹងដែរថា ករណីសំរាមកកកុញនៅតំបន់លូទឹកស្អុយបឹងត្របែកនេះ កើតមានឡើងព្រោះតែទម្លាប់របស់ប្រជាពលរដ្ឋមួយចំនួនដែលពិបាកនឹងកែប្រែ តែក៏សង្ឃឹមថាពេលដែលពួកគាត់បានឃើញពួកគាត់នឹងបានយល់ដឹងពីបញ្ហានេះបន្ថែមបានមួយកម្រិតទៀត ថាការចោលសំរាមឲ្យបានត្រឹមត្រូវវាមានអត្ថប្រយោជន៍អ្វីខ្លះ។ យ៉ាងណាមិញពេលនេះក៏មានបងប្អូនមួយចំនួនបានចូលរួមដើម្បីប្រមូលសំរាមលូទឹកស្អុយបឹងត្របែកនេះដែរ នេះបើតាមប្រភពទំព័រ Life Unlock ដែលបានសរសេររៀបរាប់ថា «អ្នកណាខ្លះគិតថាខ្ញុំឆ្កួត ថ្ងៃនេះខ្ញុំសុំណែនាំមនុស្សឆ្កួតជាច្រើនអ្នកទៀត !! ប្រវត្តិសាស្រ្តខ្នាតតូច»។ សង្ឃឹមថាពេលដែលបងប្អូនទទួលបានព័ត៌មាននេះ អាចចូលរួមបរិច្ចាគនិងឧបត្ថមជាបាវ និងការ៉ុងចាស់ៗដល់ពួកគាត់ ព្រមទាំងចូលរួមជាមួយពួកគាត់ទាំងអស់គ្នា ដោយអាចទំនាក់ទំនងទៅលេខ ០៧០ ៥២​ ៥២ ១១ ឬក៏ Inbox ទៅកាន់ទំព័រ Life Unlock ផ្ទាល់តែម្តង៕

ប្រភព៖ Khmer Note TV