អ្នកណាថានៅសមុទ្រសុទ្ធតែគ្រឿងសមុទ្រធម្មជាតិ! បង្គាស្រស់ចាក់បញ្ចូលសារធាតុស្រដៀងចាហ៊ួយត្រូវបានរកឃើញ និងដកហូតនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការសហការពី ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារលើ និងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖ បង្គា មឹក ត្រីប្រឡាក់ ឈាមជ្រូក តៅហ៊ូ សណ្តែកបណ្តុះ ខ្ញីហាន់ នំចាក់ចាន់ និងស្ករត្នោត

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ បង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយចំនួន ១៣.៨០ គីឡូក្រាម បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ Khmer Note