ក្រសួងនិយាយពាក្យមួយម៉ាត់ថាគ្មានការបាត់ប្រាក់រង្វាន់ទេព្រោះមេដាយរបស់ សំបូរ សុភណ្ឌ ខាងក្រសួងមិនចាត់ទុកជាមេដាយពេញលេញ

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមាន កីឡាករកាយវប្បកម្មឈ្មោះ សំបូរ សុភណ្ឌ ដង្ហើយសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៍ ក្រោយប្រកួតបានមេដាយមាសលំដាប់ពិភពលោក បែរជាក្រសួងបើកប្រាក់រង្វាន់ទម្លាក់ពី ១២០លានរៀល ឲ្យសល់ត្រឹមតែ ២០លានរៀល។

ក្រោយពីមានការភ្ញាក់ផ្អើល កក្រើកពេញបណ្តាញសង្គមបែបនេះ យោងតាមការសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ BTV ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថា ពុំមានការបាត់លុយរង្វាន់អ្វីនោះទេ គ្រាន់តែមានការភ័ន្តច្រឡំនិងមិនបានដឹង អំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ។ ចំពោះប្រាក់រង្វាន់២០លានរៀលនេះគឺកើតចេញពីគោលការណ៍ស្នើរសុំពិសេសដើម្បីតម្រូវទៅនឹងមេដាយ ដែលកីឡាករ សំបូរ សុភណ្ឌ ដណ្តើមបាន មិនមែនកំណត់១២០លានរៀល ដូចទៅនឹងអនុក្រឹត្រនោះទេ។

ឯកឧត្តមបន្តថា ករណីមេដាយមាសរបស់ កីឡាករ សំបូរ សុភណ្ឌ ដណ្តើមបានពីប្រទេសថៃគឺមានវិញ្ញាសារច្រើន រហូតទៅដល់៥១វិញ្ញសារ ហើយមេដាយខ្លះប្រកួតត្រឹម ២ទៅ៣ប្រកួត ក៏ទទួលបានមេដាយដែរ។ ក្រសួងក៏មិនបានចាត់មេដាយមាសនេះ ជាមេដាយមាសពិភពលោកពេញលេញដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។ ប្រភព៖ BTV