កូនក្រមុំរត់ចោលរោងការ តែសំណាងបានប្អូនជីដូនមួយព្រមចូលរោងជំនួស

ខេត្តព្រៃវែង៖ រឿងរ៉ាវកូនក្រមុំរត់ចោលរោងការដែលកំណត់ធ្វើនៅថ្ងៃទី១១ ខែមីនាខាងមុខ ក្រុមគ្រួសារទាំងសងខាងបានសំរេចផ្តាច់ចំណងអាពាហ៍ពិពាហ៍វិញក៍ពិតមែន តែពិធីមង្គលការមិនលប់ចោលនោះទេ ព្រោះបានជួលភ្លេង ភ្នួង រោងការ និងអញ្ជើញភ្ញៀវរួចហើយ ឪពុកកូនកម្លោះក៏បានលួងលោមកូនប្រុសគាត់អោយរៀបការជាមួយប្អូនជីដូនមួយម្នាក់ទៀតឈ្មោះភួង គន្ធា អាយុ២១ឆ្នាំ ដែលត្រូវជាក្មួយបង្កើតរបស់ម្តាយកូនកម្លោះជំនួសវិញ ព្រោះម្តាយកូនកំលោះបាននិយាយលួងលោមក្មួយស្រីគាត់ឈ្មោះ ភួង គន្ធា អោយចូលរោងការជាមួយកូនកម្លោះ ហើយនាងក៍យល់ព្រមស្ម័គ្រស្មោះផងដែរ។

ឪពុកម្តាយកូនកម្លោះបានបញ្ជាក់ថា មុនដំបូង សាម៉ីខ្លួនទាំង២ហាក់ដូចជាស្រឡាំងកាំងមិនឆ្លើយតបត ប៉ុន្តែដោយមានការលួងលោមបញ្ចុះបញ្ចូលពន្យល់ហេតុផលពីចាស់ទុំទាំងសងខាង ប្រមាណជា៥ម៉ោងក្រោយមក អ្នកទាំង២យល់ព្រមចូលរោងការ ដោយពុំមានលក្ខខណ្ឌអ្វីឡើយ គឺស្ម័គ្រចិត្តរៀបការដោយចិត្តនឹងចិត្ត។ ពិធីមង្គលការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនាខាងមុខ នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅជិតផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន មាននារីវ័យក្មេងម្នាក់ជិតដល់ថ្ងៃរៀបការហើយ ស្រាប់តែបាត់ខ្លួនមិនដឹងដំណឹង ធ្វើអោយស្រ្តីជាម្តាយស្រែកយំតាមរកកូនអោយត្រឡប់មកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងមហាជន។
នារីវ័យក្មេងជាកូនក្រមុំដែលរត់បាត់នោះឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរស៊ីឈ្នួលលក់គ្រឿងក្រអូបនៅផ្សារបឹងត្របែក ។ ចំណែកអនាគតជាគូស្វាមីឈ្មោះ អ៊ាង សុខគា អាយុ២៩ឆ្នាំ ត្រូវបងប្អូនជីដូនមួយបង្កើតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជ័រ ខេត្តព្រៃវែង។ ចំណែកស្រ្តីជាម្តាយមានឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ៤៩ឆ្នាំ មុខរបរនៅជាមួយចិននៅខណ្ឌទួលគោកមានស្រុកកំណើតនៅភូមិតាពិច ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បើតាមការរៀបរាប់ពីស្ត្រីជាម្តាយបាននិយាយប្រាប់ថា រូបគាត់មានកូន៤នាក់ ស្រី២ ប្រុស២ កូនបងស្រី អាយុ២៧ឆ្នាំ និងកូនស្រីពៅឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ ដែលបាត់ខ្លួន បានភ្ជាប់ពាក្យជិតមួយឆ្នាំមកហើយ ដោយខាងប្រុសជួនថ្លៃទឹកដោះចំនួន២ពាន់ដុល្លារ ហើយខាងប្រុសសុំយកកូនស្រីទៅរៀបការនៅផ្ទះកូនប្រុសនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ នៅថ្ងៃទី១១ ខែមីនាខាងមុខ ។

ស្ត្រីជាម្តាយក្មេងបានបន្តថា មុនពេលកើតហេតុ គាត់បានទាក់ទងទៅកូនស្រីរបស់គាត់ថា អោយទៅផ្ទះ ដើម្បីថតរូបទុកដាក់មុខរោងការ ។ បន្ទាប់មកកូនស្រីរបស់គាត់បានទូរស័ព្ទមកគាត់ប្រាប់ថា នាងទៅរកការងារធ្វើនៅខេត្តកំពង់ចាម ហើយ មិនទៅរៀបការវិញទេ នាងលែងស្រលាញ់គូដណ្តឹងហើយ ព្រោះដឹងថាគូដណ្ដឹងរបស់នាងដូចមិនសូវពេញលក្ខណៈ ។ ឮដូច្នេះគាត់ជាម្តាយ និងបងប្អូនបាននាំគ្នាទៅផ្ទះថៅកែ ដើម្បីជួបនាង។ ចំណែកថៅកែប្រាប់ថា នាងប្រាប់ខ្លួនថានាងទៅផ្ទះឯស្រុកកំណើតបាត់ហើយទេតើ ។

បន្ទាប់មក គាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងត្របែក ដើម្បីអោយសមត្ថកិច្ចជួយរកកូនរបស់គាត់ផង ។បន្ទាប់ពីដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែករួច នៅយប់ថ្ងៃទី០៣ ខែមិនា នៅវេលាម៉ោង៩និង៣០នាទីយប់ គាត់បានទៅបន្ទប់ជួលកូនច្បងរបស់គាត់ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងក្រុមអ្នកសារព័ត៌មាន ដើម្បីថតកូនស្រីគាត់ជួយផ្សព្វផ្សាយ តាមទូរទស្សន៍ តាមហ្វេសប៊ុក ក្រែងកូនឃើញ ត្រឡប់មកវិញ ព្រោះគាត់ខ្លាចសងបណ្ណាការខាងប្រុស ព្រោះជីវភាពគាត់កំពុងជួបការខ្វះខាតផង ។

ក្រោយមកនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែល គាត់បានដឹងថា នារីដែលបាត់ខ្លួនខាងលើបានទៅស្នាក់នៅស្ថានីយវិទ្យុ ABC ហើយគាត់បានទៅដល់មុខស្ថានីយវិទ្យុខាងលើដែរ តែកូនរបស់គាត់មិនចេញមកជួបគាត់ឡើយ ដោយប្រាប់ថា មិនត្រឡប់ទៅជួបម្តាយគាត់ឡើយ ហើយម្តាយអង្គុយរង់ចាំកូននៅមុខស្ថានីយវិទ្យុរហូត ដើម្បីរង់ចាំកូនទៅផ្ទះវិញ ៕

ប្រភព៖ KBN