ការប្រឹងប្រែងរបស់យុវជនមួយក្រុមនេះមិនអត់ប្រយោជន៍ទេ! ពេលនេះរដ្ឋាភិបាលបានចុះទៅជួយសម្អាតម្តុំលូបឹងត្របែកហើយ

ករណីយុវជនប្រមូលសំរាមដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែកហាក់ជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងបណ្តាញសង្គម។ អ្វីដែលរឹតទាក់ទាញចំណាប់អារម្មណ៍បងប្អូនឲ្យងាកមកចាប់អារម្មណ៍លើរឿងមួយនេះបន្ថែមទៀតនោះពេលនេះខាងរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងដែលពាក់ព័ន្ធបានចុះជួយចូលរួមសម្អាតទីនេះជាមួយគ្នាផងដែរ ដោយបានប្រើប្រាស់គ្រឿងចក្រដូចជារថយន្តអាដ្រាក់កាយដី ដែលអាចជួយឲ្យការប្រមូលសំរាមនេះអាចធ្វើបានទៅយ៉ាងលឿនជាងមុន។

យ៉ាងណាមិញក្រោយពីឃើញគំរូល្អបែបនេះ មហាជនជាច្រើននាក់ក៏បានកោតសរសើរពីសណ្តានចិត្តពួកគេដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើវា និងបងប្អូនមួយចំនួនក៏បានចូលរួមជាមួយពួកគាត់ ជាពិសេសពេលនេះក៏មានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានជួយផងដែរ ដោយមានទាំងអេស្កា សម្រាប់កាយ និងឡានសម្រាប់ដាក់សម្រាមទៀតផង។ ទង្វើនេះហាក់ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យមានក្តីភ្ញាក់រលឹក ជាពិសេសអ្នកដែលចោលសំរាមពាសវាលពាសកាលមិនត្រឹមត្រូវ ដែលបណ្តាលឲ្យអនាម័យនៅទីក្រុង និងបរិស្ថានជុំវិញខ្លួនមានការបំពុល ប៉ះពាល់ដល់សុខភាពថែមទៀត។ ដូចនេះហើយសូមបងប្អូនទាំងអស់គ្នានិងធ្វើការកែប្រែទម្លាប់ បោះចោលកាកសំណល់និងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើងស្រស់ស្អាត និងមានសោភ័ណ្ឌភាព៕

ប្រភព៖ Khmer Note TV