ចូលរួមអបអរសាទរ! សម្តេចតេជោប្រកាសថានឹងជួយទ្រទ្រង់អង្គការអាហ្វេស៊ីប ​​​ដែលជាកន្លែងសង្គ្រោះកុមារី និងស្រ្តី ពីអំពើរំលោភសេពសន្ធវៈ

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប មើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ ត្រូវបានមហាជនជាច្រើនគាំទ្រនូវទង្វើសប្បុរសធម៌របស់អ្នកស្រីជាពន់ពេក។ ជាការពិតណាស់ការខិតខំរបស់ អ្នកស្រី ម៉ម សុម៉ាលី ក្នុងការជួយសង្គ្រោះ ជួយលើកកំម្ពស់ផ្លូវកាយនិង ផ្លូវចិត្តនិងការជួយអប់រំបណ្តុះបណ្តាល ដល់កុមារីនិងស្ត្រីជាជនរងគ្រោះ ត្រូវបានលេចចេញជាលទ្ធផល ដោយកាលពីពេលថ្មីៗនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់អាហារដល់ កុមារ យុវនារី នៅក្នុងអង្គការ អាហ្វេស៊ីប។

ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសថាសម្តេចនឹងជួយទ្រទ្រង់ដោយនឹងជួយសាងសង់អាគារ និងជួយជាជំនួយដល់អង្គការរបស់ អ្នកស្រី ម៉ម សុម៉ាលី និងជាកម្លាំងចិត្តដល់ជនរងគ្រោះមិនឲ្យឯកាតទៅទៀត។ ដំណឹងនេះធ្វើឲ្យ ស្ថាបនិកអង្គការអាហ្វេស៊ីប អ្នកស្រី ម៉ម សុម៉ាលី រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក ដោយអ្នកស្រីបានសរសេររៀបរាប់ថា៖ “ទំាងនាងខ្ញុំ និង កូនៗមេីលប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតី បណ្តេីរហូរទឹកភ្នែកបណ្តេីរ អារម្មណ៏កូនៗដែលបានលឺប្រសាសន៍របស់លោកតាដោយផ្ទាល់ លោកតា លោកយាយមិនទុកពួកយេីងចោលទេ ក្តីរំភេីប អារម្មណ៏ខ្សឹកខ្សួល និយាយមិនចេញទេ បងប្អូនយល់ទេ ថាកូនៗ មិនឯកោឡេីយ អរគុណលោកតា លោកយាយ អរគុណ”។ គួរបញ្ជាក់ថាលើសពីនេះ សម្ដេចតេជោ​ ហ៊ុន សែន នឹងចុះទៅពិនិត្យផ្ទាល់នៅមជ្ឈមណ្ឌល អាហ្វេស៊ីប នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ចុងសប្ដាហ៍នេះ ដើម្បីសម្ដេចបានដឹងកាន់តែច្បាស់ជាក់ស្ដែង ចំពោះស្ថានភាពទូទៅ៕

ប្រភព៖ Khmer Note TV