ជិះកង់ដើរកម្សាន្តពីវៀតណាមមកកម្ពុជា ចុងក្រោយត្រូវលោកចោរលួចកង់បាត់នៅទួលទំពូង

កាលពីថ្មីៗនេះ មានការចែកចាយពេញបណ្តាញសង្គមករណីបុរសជនជាតិ ប៊ែលហ្សិក ម្នាក់បានបាត់កង់នៅឯម្តុំផ្សារទួលទំពូង។ តាមរយៈប្រភពគណនីមួយដែលមានឈ្មោះថា Siborey Sean បានសរសេររៀបរាប់ឲ្យដឹងថា «ដំណឹងបាត់កង: បុរសជនជាតិ ប៊ែលហ្សិក ម្នាក់អាយុ ២៥ ឆ្នាំបានជិះកង់ពីវៀតណាម រហូតមកស្រុកខ្មែរ។ ឥឡូវនេះត្រូវបានចោរលួចនៅម្ដុំផ្សារ ទូលទំពូង នៅថ្ងៃទី៤ នាម៉ោង៨យប់ កងម៉ាក: Trek FX1»។

ករណីដែលភ្ញាក់ផ្អើលនេះផ្តើមចេញពីបុរសជនជាតិប៊ែលហ្សិក ដែលមានឈ្មោះថា Nicolas អាយុ២៥ ឆ្នាំ ដែលទើបបញ្ចប់ថ្នាក់ម៉ាស្ទ័រផ្នែកគ្រប់គ្រងកាលពីឆ្នាំមុន។ ក្រោយបញ្ចប់កាលសិក្សា បុរសបរទេសរូបនេះចង់ធ្វើដំណើរឆ្លងប្រទេស ដោយប្រើប្រាស់កង់មួយនេះ ជាជាងធ្វើការងារនៅមួយកន្លែង។ លោក Nicolas បានធ្វើដំណើរជាច្រើនប្រទេសរួចមកហើយតាំងពីទ្វីបអឺរ៉ុប រហូតមកដល់អាស៊ីយើង ដោយប្រទេសកម្ពុជាយើងជាប្រទេសចុងក្រោយ បន្ទាប់ពីធ្វើដំណើរចាកចេញពីប្រទេសវៀតណាម តែជាអកុសលកង់ដែលជាមិត្តរួមដំណើររបស់លោកត្រូវជនខិលខូចលួចយកទៅបាត់។ សង្ឃឹមថាពេលដែលបងប្អូនបានឃើញព័ត៌មាននេះ នឹងជួយចែករំលែកបន្តដើម្បីជួយស្វែងរកកង់ម៉ាក Trek FX1 របស់ជនបរទេស ដែលត្រូវចោរលួចផង ដោយអាចទំនាក់ទំនងផ្ទាល់ទៅកាន់ Email ផ្ទាល់ខ្លួនរបស់លោក nicolas.dv@hotmail.be៕ ប្រភព៖ CNE