គ្មានគ្រឿងស្រវឹងទេឆ្នាំនេះ​នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិរបស់ថៃ

ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបានដាក់សំណើរមួយទៅកាន់រដ្ឋសភា ដើម្បីសុំឲ្យមានការហាមឃាត់មិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខាងមុខនេះ។ បើតាមលោកវេជ្ជបណ្ឌិត Kajornsak Kaewjarat ដែលជាប្រធាននាយកដ្ឋានខាងលើនេះបានឲ្យដឹងថា សំណើររបស់នាយកដ្ឋានលោកត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ​ តែចំពោះសេចក្តីសម្រេចយ៉ាងណានោះ គេនៅមិនទាន់ទទួលបាននៅឡើយទេ។

លោកបានបញ្ជាក់ថា​ គោលដៅចម្បងនៃស្នើឲ្យមានការហាមឃាត់មិនឲ្យមានការលក់គ្រឿងស្រវឹងនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់បញ្ហាផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ របាយការណ៍កាលពីឆ្នាំមុនៗបានបង្ហាញថា ក្នុងថ្ងៃចូលឆ្នាំប្រពៃណីថៃ មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងបានធ្វើឲ្យមានការខាតបង់សេដ្ឋកិច្ចជាច្រើនផងដែរ។ សូមបញ្ជាក់ថា ថៃនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួនរយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ខែ មេសា ខាងមុខនេះ៕

ប្រភព៖ Khmer Note