១០ថ្ងៃមុនសំរាមអណ្តែតពេញលូ តែថ្ងៃនេះនៅលែងមានសំរាមពេញហៀរដូចមុនហើយ

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋស្មគ្រ័ចិត្តជាច្រើនបាននាំគ្នាមកប្រមូលសំរាម ដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយ នៅតំបន់បឹងត្របែក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។ ក្នុងនោះផងដែរ យើងសង្កេតឃើញខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានចុះជួយអន្តរាគមន៍ផងដែរ ដោយបានយកអេស្កាវ៉ាទ័រមកជួយកាយសំរាមទាំងនោះ និងឡានសម្រាប់ដាក់សំរាម។

គិតមកត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នេះ គឺមានរយៈពេល១០ថ្ងៃមកហើយ នៃយុទ្ធនាការប្រមូលសំរាមសម្អាតប្រព័ន្ធលូទឹកស្អុយនៅបឹងត្របែក។ ហើយកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាខាងអាជ្ញាធរពាក់ព័ន្ធបានចេញជាលទ្ធផលហើយ គឺប្រព័ន្ធលូទឹកស្អុយ ដែលធ្លាប់តែមានសំរាមអណ្តែតព្រោងព្រៀតពេញនោះ ឥលូវនៅសល់តែសំរាមបន្តិចបន្តួចប៉ុណ្ណោះ។ ហើយយើងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចេះរួមគ្នាសម្អាតអនាម័យទីក្រុងរបស់យើង ដោយមិនបោះចោលសំរាមផ្តេសផ្តាស និងរួមគ្នាប្រមូលសំរាមដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ៕ រូបភាព៖ Worldcleanupday Cambodia ប្រភព៖ Khmernote