យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ហោះឡើងបាន៦ នាទីក៏ធ្លាក់ចុះមកវិញសម្លាប់មនុស្សអស់ ១៥៧នាក់ (មានវីដេអូ)

ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបានសោកស្តាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារសព ដោយយន្តហោះប្រភេទ Boeing 737 ដឹកអ្នកដំណើររបស់ខ្លួន ដែលចេញពីអាកាសយានដ្ឋាន Bole នៃទីក្រុង Addis Ababa កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា បានធ្លាក់នៅម៉ោង ៨ និង ៤៤នាទី ព្រឹក (ភ្នំពេញម៉ោង ១២ៈ៤៤ ថ្ងៃត្រង់)។

ជើងហោះហើរនេះ វាបានបាត់ការទាក់ទងជាមួយនឹងប៉មត្រួតពិនិត្យក្រោយចាកចេញបាន ៦នាទី ជាមួយនឹងអ្នកដំណើរចំនួន ១៤៩នាក់ និងអាកាសយានិកចំនួន ៨នាក់ (សរុប ១៥៧នាក់)។ អ្នកដំណើរទាំងអស់ត្រូវបានគេឱ្យដឹងថា មកពី ៣៣ ប្រទេស រួមទាំងជនជាតិ៖ កេនយ៉ា អេត្យូពី អាមេរិច កាណាដា បារាំង ចិន អេហ្ស៊ីប ស៊ុយអ៊ែត អង់គ្លេស និងហូឡង់។

គួរឱ្យដឹងផងដែរថា យន្តហោះដែលធ្លាក់នេះគឺជាម៉ូដែលដូចគ្នានឹងយន្តហោះក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ី ដែលបានធ្លាក់កាលពីថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០១៨ និងបានសម្លាប់អ្នកដំណើរសរុប ១៨៩នាក់។ យ៉ាងណាក៏ដោយក្រុមហ៊ុនអាកាសចរណ៍ និងនាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី បានសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ការបាត់បង់ដ៏ធំធេងនេះ៕

ប្រភព៖ Khmer Note