ទោះបី លោក Scott Neeson ជាជនបរទេសតែលោកមានចិត្តអាណិតស្រឡាញ់កុមារកម្ពុជាខ្លាំងមែនទែន

លោក Scott Neeson ជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀត។ យ៉ាងណាមិញថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តជាខ្លាំង ដោយលោក Scott Neeson បានជួបប្រទះជាមួយនឹងកុមារីម្នាក់នៅកន្លែងចាក់សម្រាម អង្គុយយំក៏ព្រោះតែបញ្ហាជីវភាពគ្រួសារ ដោយលោកបានសួរនាំ ជួយយកអាសារ។ សកម្មភាពទាំងនេះធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរ ដោយថាលោកជាជនបរទេសសោះ តែមានចិត្តអាណិតមេត្តា ចេះជួយដល់យកអាសាដល់កុមារាកុមារីនៅកម្ពុជា។

ក្នុងនោះ លោក Scott Neeson បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ពេលយប់មួយនៅកន្លែងចាក់សម្រាម ក្រោមជើងរបស់ខ្ញុំគឺជាគំនរយ៉ាងជ្រៅនៃសម្រាមនិងភក់យ៉ាងស្អុយ។ រីឯដីក៏ពោរពេញដោយភក់ជ្រាំ ធ្វើឲ្យខ្ញុំមិនចង់ឲ្យជើងខ្ញុំប៉ះដីនោះឡើយ។ ខ្ញុំស្អប់ក្លិនស្អុយ និងភក់ដែលត្រជាក់និងមានជាតិពុលជ្រាបចូលក្នុងស្បែកជើងខ្ញុំ។ ខ្ញុំលឺសម្លងយំយ៉ាងខ្លាំងរបស់ក្មេង ប៉ុន្តែវាពិបាកនឹងដឹងថាសម្លេងនោះមកពីណាដោយសារតែភាពងងឹត ហើយទីនោះពោរពេញទៅដោយរទេះ កំប៉ុងទឹក ទឹកលូ និងកៅស៊ូតង់។ ខ្ញុំបានដើរជុំវិញពាងទឹក ហើយក៏បានឃើញក្មេងស្រីនោះ។ នាងឈ្មោះថាសុភា គឺជាសិស្សទើបចូលរៀន។ នាងមើលទៅស្រស់ថ្លាជាមួយឯកសណ្ឋានសាលា CCF ថ្មី ក្នុងបរិយាកាសដែលមិនគួរឲ្យចាប់អារម្មណ៍មួយនេះ ប្រៀបដូចជាព្រះចន្ទពេញវង់ក្នុងពេលយប់ខ្មៅងងឹត។ ខ្ញុំបន្ទន់ខ្លួនចុះល្មមនឹងអាចមើលមុខនាងឃើញដែលជាទម្លាប់របស់ខ្ញុំ ហើយសួរនាងថាមានរឿងអ្វីកើតឡើង និងមានអ្វីឲ្យខ្ញុំជួយទេ។ ខ្ញុំនិយាយពាក្យទាំងនេះជាភាសាខ្មែរ ហើយវាហាក់បីដូចជាខ្ញុំបាននិយាយវារាប់ពាន់ដងមកហើយក្នុងរយៈពេល១៥ឆ្នាំមកនេះ។ ក្រៅពីការព្រួយបារម្ភពិតប្រាកដនិងចង់ជួយ ខ្ញុំដឹងថាពាក្យទាំងនេះត្រូវបានគេនិយាយតិចតួចណាស់នៅទីនេះ មិនមែនសម្រាប់តែនិយាយទៅកាន់ក្មេងៗទេតែក៏និយាយចំពោះឪពុកម្តាយ ជីដូនជីតា និង មនុស្សគ្រប់គ្នា។ សូមកុំមើលស្រាលលើសំណួរដែលសួរថា “តើមានរឿងអ្វីកើតឡើង” និង “តើមានអ្វីឲ្យខ្ញុំជួយទេ ” សោះឡើយ។ បើគិតទៅក្មេងៗទាំងនេះមិនធ្លាប់ឮពាក្យទាំងនេះគឺវាហួសពីការសោកសៅទៅទៀត។ ហើយគ្រាន់តែដឹងថាមានមនុស្សពេញវ័យដូចជា ម្តាយនិងឪពុកមិនដែលត្រូវបានផ្តល់ការយល់ចិត្តឬជំនួយគឺជារឿងដែលអណោចអាធមបំផុត។ ហើយលើសពីភាពសោកសៅនេះ យើងអាចយកសំនួរទាំងនេះទៅសួរដោយការយកចិត្តទុកដាក់និងការព្រួយបារម្ភពិតប្រាកដ ដោយមិនត្រូវការចំណាយលុយកាក់នោះឡើយ គឺគ្រាន់តែចំណាយពេលពីរទៅបីនាទីរបស់យើងតែប៉ុណ្ណោះ។

ខ្ញុំស្ដាប់ក្មេងស្រីនោះនិយាយយ៉ាងយូរ តាមដែលគាត់ចង់និយាយប្រាប់។ ការនិយាយអំពីបញ្ហារបស់ខ្លួននេះ អាចជួយកាត់បន្ថយបន្ទុកមួយចំនួនរបស់នាង។ នាងញញឹមបន្តិចប្រហែលជាខ្មាស់អៀនដែលនាងយំឬដោយសារតែនាងរំខានពេលវេលារបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ស្នាមញញឹមរបស់នាង ប៉ុន្តែខ្ញុំធ្វើឲ្យនាងប្រាកដចិត្តថាខ្ញុំបានយកបញ្ហានាងគិតពិចារណាយ៉ាងហ្មត់ចត់ពិតមែន។ ហើយនាងមិនមានអ្វីដែលត្រូវខ្មាស់អៀននោះឡើយ។​ បញ្ហារបស់នាងគឺជាវិបត្តិទូទៅក្នុងសង្គម។ នៅពេលដែលនាងចំណាយពេលទៅសាលារៀនមានន័យថានាងមិនបានរកលុយឱ្យគ្រួសារទេ។ ម្ដាយរបស់សុភាផឹកស្រាច្រើនបន្តិច ហើយគាត់ប្រើសម្តីខ្លាំងៗដាក់នាង។ ខ្ញុំយល់ពីការព្រួយបារម្ភរបស់ម្ដាយនាង ប៉ុន្តែការស្តីបន្ទោសក្មេងនេះដែលមានអាយុត្រឹមតែ១១ឆ្នាំ ហើយភាសាដែលម្តាយនាងប្រើនោះពិតជាធ្វើឱ្យខ្ញុំពិបាកទទួលយកណាស់។ ខ្ញុំរំលឹកខ្លួនឯងថាវាមិនមែនជារឿងដែលខ្ញុំត្រូវធ្វើការវិនិច្ឆ័យទេ – ធ្វើដូចនេះគឺគ្រាន់តែបន្ថែមភាពស្មុគស្មាញនិងអារម្មណ៍មិនល្អទៅក្នុងការពិភាក្សា របស់ខ្ញុំជាមួយម្តាយនាងតែប៉ុណ្ណោះ។ ខ្ញុំទៅផ្ទះរបស់នាង។ សុភាបានចាប់ដៃខ្ញុំហើយសង្ឃឹមថាខ្ញុំនឹងមិនធ្វើឱ្យរឿងរ៉ាវនេះកាន់តែយ៉ាប់យឺនទេ។ ខ្ញុំនឹងមិនធ្វើបែបនោះទេ ព្រោះខ្ញុំធ្លាប់ពិភាក្សាគ្នាពីបញ្ហាបែបនេះរាប់ពាន់ដងមកហើយ។ ក្នុងករណីជាច្រើន ខ្ញុំតែងតែចាប់ផ្តើមដោយការសុំទោសដល់ម្តាយឪពុក ដែលជាការសុំទោសទាក់ទងនឹងស្ថានភាពនេះ។ ដូច្នេះក្នុងករណីនេះ ខ្ញុំចាប់ផ្តើមដោយការសុំទោសចំពោះការដែលធ្វើឲ្យគ្រួសារគាត់មានបញ្ហាហិរញ្ញវត្ថុ ព្រោះតែខ្ញុំឱ្យកូនស្រីគាត់ចូលរៀន។ ពិតជាមានប្រសិទ្ធភាពមែន ព្រោះគាត់មិនបានស្ដីបន្ទោសខ្ញុំនោះទេ។ ម្តាយបានមានអារម្មណ៍ធូរស្បើយ ដោយការគាំទ្រក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់គាត់ ប៉ុន្តែមិនបានកែប្រែពាក្យសម្តីមិនល្អដែលប្រើចំពោះកូនគាត់ឡើយ។ ការដែលនិយាយមិនល្អនេះដោយសារតែ គាត់បានជួបប្រទះបញ្ហាផ្សេងៗទៀតដូចជា បញ្ហាសុខភាពនិងប្រហែលជាគ្មានបាយញ៉ាំនៅយប់នោះឡើយ។ រឿងដំបូងដែលខ្ញុំសន្យាថានឹងធ្វើគឺ នៅពេលព្រឹកនឹងរៀបចំឲ្យមានការផ្ដល់សេវាពិនិត្យសុខភាពឲ្យគាត់។ ក្មេងម្នាក់ក្នុងចំនោមក្មេងៗ CCF របស់ខ្ញុំ បានទៅឡានរបស់ខ្ញុំដើម្បីយកអង្ករ ៥ គីឡូក្រាម ដែលមានតម្លៃប្រហែល ២.៣០ដុល្លារមកឲ្យគាត់។ ខ្ញុំមិនមានដំណោះស្រាយអ្វីទេ។ ខ្ញុំគ្រាន់តែចង់ឱ្យម្ដាយនាងយល់ថា គាត់ក៏មានសារៈសំខាន់ចំពោះខ្ញុំនិង CCF ដែរ ហើយការអប់រំកូនស្រីរបស់គាត់ នៅតែស្ថិតនៅក្នុងដៃរបស់គាត់ដដែល។ ហើយទោះជានៅទីណាក៏ដោយ ពួកយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាពក្នុងការជួយម្តាយគាត់ ដើម្បីអោយគាត់បានបញ្ជូនសុភាមកសាលារៀនឱ្យបានទៀងទាត់។ខ្ញុំបានផ្តល់ឱ្យគាត់នូវការលាគ្នាដោយភាពកក់ក្តៅ និងប្រកបដោយមិត្តភាព។ សុភាបានអោបខ្ញុំ ហើយខ្ញុំបន្តដំណើរទៅក្នុងភាពងងឹតតទៅមុខទៀត”៕

ប្រភព៖ Khmer Note TV