សម្តេចតេជោ សង្កត់ធ្ងន់អោយក្រសួងមហាផ្ទៃស្វែងរកមេក្លោងគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុកឲ្យបាន

ព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

នៅក្នុងឱកាសចែកសញ្ញាបត្រនោះផងដែរ សម្តេចតេជោ ក៏បានលើកឡើងពីក្លឹបកំសាន្តរ៉ុកមកនិយាយផងដែរ ដោយសម្តេចបានហៅក្លឹបនោះថា ជាកន្លែងចង្រៃ ដែលបានបំផ្លាញនូវសេចក្តីសុខប្រជាពលរដ្ឋ ហើយសម្តេចបានបន្តទៀតថា “ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរបាលរបស់យើងបានបង្ក្រាបទាន់ពេលវេលា គួរតែបង្ក្រាបឲ្យបានមុននឹងទៅទៀត ប៉ុន្តែយើងទើបនឹងបង្ក្រាបបាន។ ជិតក្បែរសាលា ស្រាប់តែមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ ដូច្នេះគឺសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយនឹងដំណើរការរបស់តុលាការត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រលប់នៃអំពើពាលាអាវ៉ាសែសម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឲ្យដល់ទីជំរៅនូវមេក្លោងអាមួយនេះ នៅកន្លែងណា? ត្រូវរកឲ្យឃើញ ដើម្បីជីករឹកគល់ នៃការជួញដូគ្រឿងញៀន”៕

ប្រភព៖ Khmer Note TV