គិតអស់មួយយប់រឿងដាក់ទោសប្រហារជីវិត លើករណីរំលោភ ពេលនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចចិត្តមួយដ៏ល្អ

ដោយយោងតាមការបង្ហោះរៀបរាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុននេះបន្តិចបានអោយដឹងថា ក្រោយពេលដែលសម្តេចបានគិតអស់ពេញមួយយប់ទាក់ទងទៅនឹងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អោយមានការដាក់ទោសប្រហារជីវិតទៅលើករណី ឪពុករំលោភកូន ជីតារំលោភចៅ ពូរំលោភក្មួយ និងករណីរំលោភសំលាប់ រួចមក និងមានការវិភាគមួយចំនួនទៀតពីសំណាក់ក្រុមអ្នកវិភាគថែមទៀតនោះ ពេលនេះសម្តេចសម្រេចចិត្ត មិនស្នើអោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទៀតនោះទេ ដោយសម្តេចបានលើកឡើងថា៖

“កាលពីម្សិលមិញ ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ២០១៩ ខ្ញុំបានទៅជួបសួរសុខទុក្ខចៅៗកុមារកំព្រា ដែលទទួលរងគ្រោះដោយការរំលោភបំពានរាងកាយនិងផ្លូវភេទយ៉ាងព្រៃផ្សៃតាមបែបតិរិច្ឆាន ជាពិសេសដែលបានប្រព្រឹត្តិឡើងដោយ ឪពុកបង្កើត, ជីតាបង្កើត, ពូមារបង្កើត និង បងប្អូនបង្កើត ដែលបានធ្វើអោយខ្ញុំបានត្រិះរិះគិតថា តើយើងគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកអោយមានការដាក់ទោសប្រហារជីវិតឡើងវិញឬទេ? សំណើកែប្រែរដ្ឋធម្មនុញអំពីការដាក់ទោសប្រហារជីវិត គឺមិនអាចស្នើដោយនាយករដ្ឋមន្រ្តីតែម្នាក់ឯង ឬដោយសមាជិករដ្ឋសភាបានឡើយ ប៉ុន្តែគឺអាចធ្វើបានតាមរយៈការសុំធ្វើប្រជាមតិនៅទូទាំងប្រទេសតែម្តង។

អស់រយៈពេល១យប់ នឹងមកដល់ថ្ងៃនេះ មានបងប្អូនជនរួមជាតិជាច្រើនបានចូលមកផ្តល់ជាមតិយោបល់ (Comments) នៅក្នុងហ្វេប៊ុគ (Facebook) ផ្លូវការរបស់ខ្ញុំ ភាគច្រើនបានគាំទ្រអោយមានទោសប្រហារជីវិតចំពោះករណីខាងលើ រួមជាមួយករណីរំលោភសម្លាប់ផងដែរ។ ទន្ទឹមនឹងនោះ ក៏មានការវិភាគលើបញ្ហានេះដោយក្រុមអ្នកវិភាគដូចជា លោក សុខ សំអឿន, លោក អ៊ូ វីរៈ និង លោក សុខ ទូច ដែលបានបញ្ជាក់ថា កម្ពុជាបានលុបចោលមិនអោយមានទោសប្រហារជីវិតជាយូរឆ្នាំមកហើយ។ ការដាក់ទោសប្រហារជីវិត ប្រសិនបើច្រឡំ ឬមានការថ្លោះធ្លោយណាមួយកើតឡើង គឺនឹងមានគ្រោះថ្នាក់ធំវិញទេ ហើយនឹងមានវិប្បដិសារីសោកស្តាយអស់មួយជីវិតមិនខាន។ ប៉ុន្តែត្រូវតែកំណត់ទោសទម្ងន់ទោសអោយបានធ្ងន់បំផុតចំពោះករណីខាងលើ។

តាមពិតទៅ កម្ពុជាយើងបានលុបចោល “ទោសប្រហារជីវិត” តាំងពីជំនាន់អតីរដ្ឋកម្ពុជា ដែលពេលនោះយើងបានផ្លាស់ប្តូរពី សាធារណៈប្រជាមានិតកម្ពុជាមកម៉្លេះ។ នៅពេលនេះ ប្រទេសជាតិយើងបានឆ្លងមកដល់បរិបទថ្មីហើយ គឺយើងមិនដើរថយក្រោយទេ។ ដូច្នេះ ខ្ញុំសូមសម្រេចមិនចាំបាច់ស្នើ អោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញទេ។ ប៉ុន្តែខ្ញុំសូមដាក់ចេញនូវវិធានការដូចខាងក្រោមៈ

១)បង្កើនការអប់រំ ដោយបញ្រ្ចាបគុណធម៍ សីលធម៍ កុំអោយពលរដ្ឋធ្វើ និងប្រព្រឹត្តិអំពើបាបតាមបែបតិរិច្ឆាន ដែលសង្គមទាំងមូលត្រូវតែចូលរួមទាំងអស់គ្នា។

២)ត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់អោយបានតឹងរឹងនិងហ្មឺងម៉ាត់បំផុតចំពោះអំពើតិរិច្ឆាននេះ ដោយផ្តន្ទារទោសយ៉ាងធ្ងន់បំផុត ដើម្បីកាត់បន្ថយ នឹងឈានទៅដល់ការលុបបំបាត់ចោលទាំងស្រុងនៅនូវអំពើតាមបែបតិរិច្ឆាននេះពីសង្គមជាតិយើង។ សុំអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់ជាគំនិត មតិ យោបល់ល្អៗ ដើម្បីសង្គមជាតិកាន់តែរីកចម្រើប្រកបដោយសេចក្តីថ្លៃថ្នូរ៕”