សហព័ន្ធកីឡាកាយវប្បកម្ម ប្រតិកម្មខ្លាំងជាមួយនឹងពាក្យសម្តីរបស់ក្រសួង រហូតឈានដល់ការផ្អាកមិនអោយកីឡាករចេញប្រកួតយកមេដាយ គ្រប់ថ្នាក់

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) បានធ្វើការប្រតិកម្មមិនពេញចិត្តចំពោះការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។ រហូតធ្វើឲ្យសហព័ន្ធកីឡាកាយវប្បកម្មសម្រេចផ្អាករាល់ការចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក មួយរយៈរង់ចាំការដោះស្រាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា៖ “សេចក្តីប្រកាសលើកទី២ យើងខ្ញុំជាគណកម្មការប្រតិបត្តិ និងសមាជិកនៃខេមរៈសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ មិនអាចទទួលយកបានចំពោះការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលសារព័ត៌មានក្នុងស្រុកបានដកស្រង់សំដី និងចុះផ្សាយនាពេលកន្លងមកបាននិយាយថា៖ “កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃ គឺមានវិញ្ញាសារច្រើនរហូតដល់ទៅ៥១វិញ្ញាសារ ហើយមេដាយខ្លះប្រកួតពីពីរទៅបីប្រកួតក៏ទទួលបានមេដាយដែរ។ ហេតុនេះក្រសួងមិនបានចាត់មេដាយនេះជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀលនោះទេ ដោយក្រសួងបានប្រជុំប្រើប្រាស់ប្រកាសអន្តរក្រសួងដោយផ្តល់ប្រាក់រង្វាន់ប្រមាណជា២០លានរៀលតែម្តង ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ។ បន្ថែមពីលើនេះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដដែលក៏បានលើកឧទាហរណ៍ភ្ជាប់ទៅនឹងកីឡាប៉េតង់ផងដែរ ដែលជាប្រភេទកីឡាធ្លាប់ដណ្តើមបានមេដាយមាសពិភពលោកច្រើនជាងគេ ហើយតែងទទួលបាននូវប្រាក់រង្វាន់១២០លានរៀលពេញថា ប៉េតង់ទៅចូលរួមប្រកួតជើងឯកពិភពលោកម្តងៗមានប្រទេសចូលរួមច្រើន ហើយវិញ្ញាសាត្រឹមតែ៣ទៅ៤វិញ្ញាសាប៉ុណ្ណោះ ទម្រាំដណ្តើមបានមេដាយមាស១ កីឡាប៉េតង់ត្រូវឆ្លងកាត់ការប្រកួតច្រើន តែបើធៀបនឹងកីឡាករសំបូរ សុភ័ណ្ឌ ដណ្តើមបានមេដាយខាងលើគឺខុសគ្នា ។”

បើតាមតែការបកស្រាយរបស់ឯកឧត្តម ស្តាប់មើលទៅហាក់ដូចជាឯកឧត្តម មិនបានសិក្សាអោយគ្រប់ជ្រុងជ្រោយពីរបៀបនៃការប្រកួតរបស់កីឡាកាយវប្បកម្ម និងធ្វើការតាមអារម្មណ៍នឹកឃើញរបស់បុគ្គលខ្លួនឯង មិនយល់ពីរបៀបអោយពិន្ទុ ហើយហ៊ានវាយតំលៃមេដាយមាសពិភពលោក ដែលយើងទទួលបានថាមិនពេញលេញ ចុះហេតុអ្វីបានប្រទេស៥០ផ្សេងទៀតគេអោយតំលៃ បែរជាក្រសួងអប់រំកម្ពុជាយើង វាយតំលៃថាមេដាយរបស់យើងមានលក្ខណៈមិនពេញលេញ ហើយទៅជាយកកីឡាមួយទៅប្រៀបធៀបជាមួយកីឡាមួយទៀត ពិតណាស់កីឡាប្រភេទនីមួយៗ ពួកគាត់មានផលពិបាករៀងៗខ្លួន បើមិនដូច្នោះទេ គ្រប់គ្នាបានជើងឯកគ្រប់គ្នាហើយ ដែលហៅថាម្ចាស់ពានឯក នោះគាត់តែម្នាក់ឯង។ ត្រឡប់មកវិញជាមួយកីឡាករព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ (10th WBPF World Bodybuilding and Physique Sports Championships And Congress 11th – 17th December 2018) នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៨ កីឡាករកម្ពុជាមានចំនួន៥រូប ក្នុងនោះកីឡាករបានចូលរួមប្រកួតលើវិញ្ញាសារខុសៗគ្នាទាំងអស់ សូមបញ្ញាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្ម ក្នុងមួយឆ្នាំមានតែ៣ដងប៉ុណ្ណោះ ក្នុងនោះរួមមាន កម្រិតអាស៊ីអាគ្នេយ៍ (៨-១០ប្រទេសចូលរួម) កម្រិតអាស៊ី(៣០-៣២ប្រទេសចូលរួម) និងកម្រិតពិភពលោក (៤៥-៥២ប្រទេសចូលរួម) ក្រុមកីឡាករកម្ពុជាក៏មិនបានទៅចូលរួមប្រកួតដោយចិត្តឯង ឬត្រឹមសហព័ន្ធទេ យើងបានស្នើសុំលិខិតឧទ្ទេសនាមត្រឹមត្រូវតំណាងអោយជាតិ ដើម្បីបង្ហាញមុខមាត់នៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិលើវិស័យកីឡាប្រភេទនេះ ថាយើងក៏អាចធ្វើបានដូចប្រទេសដទៃទៀតដែរ។ ចំពោះកីឡាកាយវប្បកម្ម មិនមានច្រើនទេដែលបានកាន់មេដាយមាស និងសំលេងភ្លេងជាតិនៅលើឆាកអន្តរជាតិបន្លឺឡើងនៅមុខប្រទេសជាច្រើន។

សូមសាធារណៈជនពិចារណាមើលថាតើសមហេតុផលទេ ដែលក្រសួងធ្វើការបកស្រាយដូចខាងលើ អញ្ចឹងហើយពួកយើងខ្ញុំជាសមាជិកសហព័ន្ធទាំងអស់សំរេចចិត្តថា សហព័ន្ធនឹងផ្អាករាល់ការចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក មួយរយៈរង់ចាំការដោះស្រាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន។ សូមរំលឹកឡើងវិញថា នៅក្នុងជំនួបរវាងសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្តាប់ការពន្យល់ និងបកស្រាយរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡាពាក់ពន្ធនិងប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានបាត់បង់ ពេលនោះសហព័ន្ធទទួលការពន្យល់ពីថ្នាក់ដឹកក្រសួង តំណាងដោយ ឯកឧត្តម សុខ សប្បាយណា និងឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តែសហព័ន្ធមិនទាន់យល់ព្រមទទួលយកប្រាក់រង្វាន់លើកទឹកចិត្តចំនួនត្រឹមតែ២០លានរៀលទេ ដោយខាងភាគីក្រសួងថា នឹងមានការស្នើរសុំគោលការណ៍សារជាថ្មីទៅថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំ និងក្រសួងពាក់ពន្ធ ក៏ដូចជាសម្តេចអគ្គមហាសេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមុនសិន យើងក៏បានយល់ព្រមរង់ចាំចំលើយដែរ រហូតមកដល់ពេលនេះខាងសហព័ន្ធមិនទាន់បានទទួលចំលើយ ឬដំណោះស្រាយណាមួយពីក្រសួងក៏ដូចជាអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៅឡើយ។

សហព័ន្ធមើលឃើញថា ក្រសួងមិនអោយតំលៃដល់សហព័ន្ធ និងកីឡាករកាយវប្បកម្មទេ តើពួកយើងប្រឹងប្រែងដើម្បីអ្វីទៀត? សមាជិកគណកម្មការរបស់ខេមរៈសហព័ន្ធគឺសុទ្ធសឹងតែមានសាវតាជាកីឡាករសុទ្ធសាធ ដូចនេះរាល់ការនិយាយគឺចេញពីបេះដូងកីឡាករដូចគ្នា កីឡាករទើបយល់ពីអារម្មណ៍បែបនេះ។ សហព័ន្ធមានការអត់ធ្មត់ជាខ្លាំងទាំងសមាជិក និងកីឡាករ ព្រមទាំងអ្នកគាំទ្រ ចាប់តាំងពេលប្រកួតបានជ័យលាភីជូនជាតិ រហូតដល់ចេញលិខិតប្រាក់រង្វាន់ សហព័ន្ធតំណាងដោយលោកអគ្គលេខាធិការ តឹក ប៊ុនវី ស្នើរសុំជួបឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ធ្វើការបកស្រាយ និងពន្យល់បន្ថែមពីប្រាក់រង្វាន់លើកទឹកចិត្ត តែឯកឧត្តមមិនទទួលជួបក្រុមយើងឡើយ ក្រុមយើងចង់បញ្ជៀសណាស់ចំពោះព័ត៌មានអវិជ្ជមានទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់មានបាតុភាពកីឡាករគាត់ចេញសារជាសាធារណៈខ្លួនគាត់ ទើបក្រសួងកោះអញ្ជើញក្រុមការងារសហព័ន្ធទៅជួបបន្ទាន់។ សួរថាតើធ្វើចឹងធ្វើអី ចង់ល្បីណាស់មែនទេ? ចង់បង្ហាញពីកំសោយនៃការដឹកនាំរបស់ខ្លួនដល់ពិភពលោកមែន? សហព័ន្ធ ក៏ដូចជាកីឡាករ កំពុងរងចាំចំលើយ និងដំណោះស្រាយពីក្រសួងបន្តទៀត សូមជួយចែករំលែក ដល់មហាជនបានជ្រាបផង សូមអរគុណ”៕

កីឡាករ សំបូរ សុភ័ណ្ឌ

ឯកឧត្តម អ៊ុក សុទ្ធិជាតិ

ប្រភព៖ Khmer Note