ព្រឹកនេះនគរបាលបានបញ្ជូន អ្នក​ឧកញ៉ា​ គិត​ ធាង មក​តុលាការ ដើម្បីសាកសួរបន្តពាក់ពន្ធ័នឹងករណីគ្រឿងញៀន

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ​ នគរបាល​បញ្ជូនអ្នក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ មក​សាលា​ដំបូងរាជធានីភ្នំពេញ ដេីម្បី​សាកសួរ​ករណី​គ្រឿងញៀនជិត៥០គីឡូក្រាម នៅមជ្ឍមណ្ឌលកំសាន្តរ៉ក់ (Rock) ដោយនៅពេលនេះតុលាការកំពុងតែធ្វើការសាកសួរ។ អ្នក​ឧកញ៉ា​ គិត​ ធាង​ ត្រូវបានធ្វើការឃាត់ខ្លួនសាកសួរកាលពី​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ ក្រោយពីសម្តេចតេជោ បានបញ្ជាឲ្យក្រសួងមហាផ្ទៃស្វែងរកមេក្លោងនៅក្រោយក្លឹបកំសាន្តរ៉ុកឲ្យទាល់តែឃើញ ដើម្បីយកមកផ្តន្ទាទោស។

គួររំលឹកថាឯកឧត្ដម​​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ សហការជាមួយនគរបាលមូលដ្ឋាន​ខណ្ឌចំការមន​ បេីកប្រតិបត្តិការ​លក្ខណៈទ្រង់ទ្រាយធំ បានចុះបង្រ្កោបទីតាំងគ្រឿងញៀនមួយដ៏ធំ​ ក្នុងរាជធានីភ្នំពេញ​គឺ​មជ្ឈមណ្ឌលកំសាន្តរ៉ក​ Rock។ ការចុះបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ បានធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣១១នាក់ (ស្រី៥៦នាក់) និងដកហូតបានគ្រឿងញៀនជាច្រើនប្រភេទជិត៥០គីឡូក្រាម៕

ប្រភព៖ Khmer Note