រកចោរចឹងនៅណាបាន! លោកចោរសុខចិត្តប្រគល់លុយជូននារីរងគ្រោះទាំងអស់វិញក្រោយឃើញក្នុងគណនីរបស់នាងមិនមានប្រាក់សូម្បីមួយសេន

ចិន៖ ចោរចិត្តល្អបានប្រគល់លុយឲ្យទៅស្រ្តីរងគ្រោះវិញគ្រប់ចំនួនក្រោយគាត់បានមើលឃើញថា នៅក្នុងគណនីធនាគាររបស់នាងគ្មានលុយទាល់តែសោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangdong ប្រទេសចិន។​ នៅក្នុងយប់កើតហេតុស្រ្តីរងគ្រោះមានឈ្មោះថា Li បានទៅដកប្រាក់ពីម៉ាស៊ីន ATM របស់ធនាគារ ICBC ចំនួន ២,៥០០ យន់ (៣៧២​ ដុល្លារអាមេរិក)។​ ក្រោយពេលនាងដកប្រាក់បន្តិច ស្រាប់តែមានបុរសម្នាក់ចូលទៅក្នុងទូ ATM ដែរ និងបានយកកាំបិទទៅគំរាមស្រ្តីរងគ្រោះយកលុយក្នុងដៃនាងទាំងអស់ និងថែមទាំងបង្ខំឲ្យនាងដកប្រាក់ចេញពីម៉ាស៊ីន ATM ថែមទៀតផង តែពេលដែលនាងព្យាយាមដកលុយថែមទៀតនោះបុរសជាចោរបានមើលឃើញថា ក្នុងគណនីរបស់នាងគ្មានលុយនោះទេ។ ដោយឃើញនាងគ្មានលុយដូចនេះ បុរសជាចោរនោះក៏បានប្រគល់លុយឲ្យទៅស្រ្តីរងគ្រោះវិញទាំងទឹកមុខញញឹម និងបានដើរចេញទៅបាត់។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងក្រោយមកប៉ូលិសអាចកំណត់អត្តសញ្ញាណបុរសជាចោរនោះ និងតាមចាប់ខ្លួនគាត់បានទៀតផង៕

ប្រភព៖ Khmer Note