សិង្ហបុរីប្រកាសផ្អាកការជើងហោះហើរទាំងអស់ដែលប្រើប្រាស់យន្តហោះ Boeing 737 Max 8 ទាំងអស់ បន្ទាប់ពីឧបទ្ទវហេតុនៅអេត្យូពី

ប្រទេសសិង្ហបុរីនឹងផ្អាកការហោះហើររបស់ Boeing 737 Max 8 របស់ខ្លួនទាំងអស់ ជាមួយនឹងសេចក្តីប្រកាសដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរី (CAAS) កាលពីព្រឹកថ្ងៃអង្គារ៍។ ការសម្រេចចិត្តនេះគឺបានធ្វើឡើងបន្ទាប់ពីយន្តហោះ Boeing 737 Max 8 របស់អេត្យូពីបានធ្លាក់កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់ នៅលើយន្តហោះនោះ។ ហើយវានឹងប៉ះពាល់ដល់ដៃតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីឈ្មោះ SilkAir ដែលមានយន្ដហោះ Boeing ចំនួន ៦គ្រឿង កំពុងដំណើរការ។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ SilkAir កំពុងប្រតិបត្តិការយន្តហោះនេះទៅកាន់ទីក្រុង Bengaluru, Cairns, Chongqing, Darwin, Hiroshima, Hyderabad, Kathmandu, Kuala Lumpur, Penang, Phnom Penh, Phuket និង Wuhan ។ គេហទំព័រកាសែត Straits Times ក៏បានឱ្យដឹងដែរថា ការហាមប្រាមនេះអាចរួមមានទាំងក្រុមហ៊ុនអាកាសចរណ៍បរទេស ដែលកំពុងហោះហើរទៅកាន់ប្រទេសសិង្ហបុរីផងដែរ។

ប្រទេសចិន និងឥណ្ឌូណេស៊ី ត្រូវបានគេរាយការណ៍ថា ជាប្រទេសដំបូងគេបង្អស់ដែលបានផ្អាក និងពិនិត្យឡើងវិញទៅលើយន្តហោះ Boeing បន្ទាប់ពីមានការធ្លាក់កាលពីថ្ងៃអាទិត្យ ដែលជាការធ្លាក់ ទី២ របស់ Boeing ប្រភេទ 737 Max 8 ក្នុងរយៈពេលតែ ៥ខែ។ ដោយលើកទី ១ គឺកាលពីខែតុលា ឆ្នាំ២០១៨ ដោយជើងហោះហើររបស់ Lion Air បានធ្លាក់ និងបានសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ នៅលើយន្តហោះ។

ចាប់តាំងពីមានគ្រោះថ្នាក់នៅអេត្យូពី អាកាសចរណ៍ជាង ២០ ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ ដែលប្រតិបត្តិការយន្តហោះនេះ ក៏ដូចជាអាកាសចរណ៍អេត្យូពី និងក្រុមហ៊ុន Cayman Airways ដែលជាក្រុមហ៊ុនដឹកជញ្ជូនសំខាន់នៃកោះ Cayman បានបញ្ឈប់ការហោះហើរយន្តហោះ B-737 Max 8 របស់ខ្លួន។ កូរ៉េខាងត្បូង និងឥណ្ឌាបានកំពុងចាប់ផ្តើមត្រួតពិនិត្យយន្ដហោះម៉ូដែលផងដែរ៕

ប្រភព៖ Khmer Note