ចែករំលែកទាំងអស់គ្នា! ដឹងអត់ថា ព្រហ្មមុខបួននៅទីក្រុងអង្គរធំតំណាងអោយអ្វី?

ថ្ងៃនេះក្រុមការងារខ្មែរណូតនឹងលើកយកពីការបកស្រាយមួយចំនួនថា ហេតុអ្វីបានជាទីក្រុង និងប្រាសាទភាគច្រើនរបស់ព្រះបាទជ័យវរ្ម័នទី៧ មានព្រហ្មមុខបួន? បើតាមការបកស្រាយរបស់មគ្គុទេសនៅតំបន់អង្គរបានអោយដឹងថា តាមពិតទៅកំពូលប្រាសាទ ឬប៉មរបស់ទីក្រុង មិនមែនតំណាងអោយមុខព្រហ្មនោះទេ ហើយមូលហេតុ ដែលប្រជាជនខ្មែរភាគច្រើនហៅដូចនេះ​ ព្រោះពួកគេច្រឡំ និងគិតថារូបមុខបួនតំណាងអោយ​ ព្រះព្រហ្មនៅក្នុងសាសនាហុីនឌូ។ ពួកគាត់បន្ថែមទៀតថា មុខបួនដែលពួកយើងបានឃើញមានឯកសារមួយចំនួនបានបកស្រាយថា តាមពិតព្រហ្មមុខបួន ដែលយើងឃើញ​ គឺជាមុខតំណាងអោយស្តេច ដែលកសាងប្រាសាងប្រាសាទនឹងផ្ទាល់ ហើយតាមសៀវភៅមួយចំនួន បានបកស្រាយថា ព្រហ្មមុខបួននៅទីក្រុងអង្គរធំតំណាងអោយមុខរបស់ព្រះពុទ្ធក្នុងពុទ្ធសាសនាមហាយាន ដែលគេអោយឈ្មោះថា ”លោកេស្វារៈ” ព្រោះព្រះបាទជ័យវរ្ម័នទី៧កាន់សាសនាព្រះពុទ្ធបែបមហាយាន។

បន្ថែមពីនេះទៅទៀត តាមការបកស្រាយបន្ថែមរបស់ពួកគាត់មុនពេល ដែលព្រះបាទជ័យវរ្ម័នទី៧ ឡើងគ្រងរាជនៅក្នុងអាណាចក្រអង្គរមានជំលោះសាសានា និងស្លាប់មនុស្សជាច្រើន ដូចនេះហើយបានព្រះអង្គទ្រង់ចង់បញ្ឍប់វិវាទរវាងព្រហ្មាញសាសនា និងព្រះពុទ្ធសាសនា ដោយពេលទ្រង់ស្ថាបនាទីក្រុងរបស់ព្រះអង្គ ទ្រង់បានរួបរួមសាសនាទាំងពីរ ដោយបើកទូលាយអោយប្រជាជនមានសិទ្ធក្នុងការជ្រើសរើសសាសនា ដែលខ្លួនមានជំនឿ។ ដូច្នេះហើយពេលដែលព្រះអង្គសង់ប្រាសាទទ្រង់បានរចនាអោយមានការបញ្ចូលគ្នា ដោយគ្រប់កំពូលនៅក្នុងប្រាសាទបាយ័នមានមុខបួន តំណាងអោយព្រះព្រហ្មក្នុងព្រហ្មញ្ញសាសនា និងមុខរបស់កំពូលប្រាសាទយកទំរង់តាមមុខរបស់ព្រះពុទ្ធ។

ទីក្រុងអង្គរធំគឺជាទីក្រុងចុងក្រោយនៃអាណាចក្រអង្គរ ដែលត្រូវបានចាប់ផ្តើមកសាងនៅចុងសតវត្យទី១២ ដល់ដើមសតវត្យទី ១៣ ក្រោមការគ្រប់គ្រងដោយព្រះបាទជ័យវរ្ម័នទី ៧។ គ្រានោះព្រះអង្គបានកសាងប្រាសាទជាច្រើន ហើយយើងអាចចាត់ទុកព្រះអង្គជាស្តេច ដែលមានរឹទ្ធិអំណាចចេស្តាខ្លាំងខ្លាជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តប្រទេសខ្មែរយើង។ ព្រះអង្គបានបន្សល់មរតកជាច្រើនអោយកូនខ្មែរជំនាន់ក្រោយ ដូចនេះពួកយើងត្រូវតែជួយថែរក្សាសម្បត្តិវប្បធ៌មខ្មែរយើងទាំងអស់គ្នា ដើម្បីទុកជាកេរដំណែលអោយកូនចៅក្រោយៗទៀត៕ អត្ថបទ៖ Sokunna

ប្រភព៖ Khmer Note