ព្រោះតែក្រសួងមិនឲ្យតម្លៃ កីឡាករកាយវប្បកម្ម ២រូបប្រកាសបញ្ចប់អាជីព និងឈប់ចូលរួមប្រកួតតំណាងប្រទេសទៀតហើយ

នៅពេលនេះមានកីឡាករកាយវប្បកម្មរហូតដល់ទៅ២រូប បានប្រកាសថានឹងបញ្ចប់អាជីពជាកីឡាករ និងមិនចូលរួមប្រកួតតំណាងជាតិតទៅទៀត។ កីឡាករ២រូបនោះរួមមាន កីឡាករ ណុំ សុបិន្ត ធ្លាប់ជាម្ចាស់មេដាយសំរិទ្ធ ក្នុងការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី៩ ឆ្នាំ២០១៧ និងកីឡាករ សំបូរ នន់ ជាបងប្រុសរបស់កីឡាករ សំបូរ សុភ័ណ្ឌ។

ដោយលោក ណុំ សុបិន្ត បានប្រកាសថា៖ “ខ្ញុំបាទ ណុំ សុបិន្ត (Ra James) ជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្មសូមប្រកាសជាសាធារណៈថា ខ្ញុំសុំបញ្ចប់នូវអាជីពមួយនេះ ហើយនឹងមិនចូលរួមប្រកួតតំណាងជាតិទៀតនោះទេ។ សូមមេត្តាជួយចែករំលែកផង សូមអគុណ”។ ចំណែកឯកីឡាករ សំបូរ នន់ ក៏បានសរសេរប្រកាសយ៉ាងដូច្នេះថា៖ “ខ្ញុំបាទ សំបូរ នន់ ជាអ្នកកីឡាកាយវប្បកម្មតំណាងជាតិតាំងពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំក៏សូមប្រកាសជាសាធារណៈថាខ្ញុំឈប់ប្រកួតជាកីឡាករតំណាងជាតិទៀតហើយ ពីព្រោះក្រសួងអប់រំយុវជននិងកីឡាមិនបានអោយតំលៃដល់កីឡាមួយនេះសូម្បីតែបន្តិច អរគុណបងប្អូនដែលបានគាំទ្រខ្ញុំបាទរហូតមក”។

គួររំលឹកថាបញ្ហាចម្រូងចម្រាស់នេះក្រោយពេលដែល ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបកស្រាយនូវករណីប្រាក់រង្វាន់ ដោយថាពុំមានការបាត់លុយរង្វាន់អ្វីនោះទេ គ្រាន់តែមានការភ័ន្តច្រឡំនិងមិនបានដឹង អំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ។ ហើយក្រសួងក៏មិនបានចាត់មេដាយមាសនេះ ជាមេដាយមាសពិភពលោកពេញលេញដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។ មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) ក៏ទើបតែសម្រេចផ្អាកនាំកីឡាករចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក មួយរយៈរង់ចាំការដោះស្រាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Khmer Note