ម្ចាស់មេដាយមាសកីឡាកាយវប្បកម្ម សំបូរ សុភ័ណ្ឌ មិនទាន់អស់ចិត្ត ក៏ចេញវីដេអូអំពាវនាវឲ្យសម្តេចតេជោជួយរកដំណោះស្រាយ

បញ្ហាដ៏រសើបរហូតធ្វើឲ្យគ្រូបង្វឹក និងកីឡាករកាយវប្បកម្មមួយចំនួនបានលាឈប់ ព្រមទាំងខាងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) ផ្អាកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ក៏ព្រោះតែមិនអាចទទួលយកបាននូវការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។

យ៉ាងណាមិញប៉ុន្មានម៉ោងនេះ កីឡាករ សំបូរ សុភ័ណ្ឌ ដែលជាម្ចាស់មេដាយ ក៏បានបញ្ចេញវីដេអូជាលើកទី២ ដោយបានសរសេររៀបរាប់ថា៖ “សូមមេត្តាជួយចែករំលែកទាំងអស់គ្នាផងបងប្អូន ពីព្រោះថាមិនមែនតែខ្ញុំទេដែលចង់ឈប់ពីការប្រកួត។ សូម្បីតែបងប្អូនអ្នកកីឡាទាំងអស់របស់កម្ពុជាក៏ប្រកាសថានឹងឈប់ប្រកួតដែល បើក្រសួងមិនរកដំណោះស្រាយអោយពួកខ្ញុំ សូមមេត្តាជួយShareទាំងអស់គ្នាផងបងប្អូន”។

ក្នុងគោលបំណងនៃការចេញវីដេអូជាលើកទី២នេះ កីឡាករ សំបូរ សុភ័ណ្ឌ បានរៀបរាប់ថា៖” ខ្ញុំបាទជាអ្នកកីឡាកាយវប្បកម្ម គ្រូបង្វឹក ព្រមទាំងសហព័ន្ធកាយវប្បកម្ម ទាំងអស់មិនអាចទទួលយកបាននូវការបកស្រាយរបស់ក្រសួងអប់រំ យុវជន និងកីឡា”។ ម្ចាស់មេដាយមាស សំបូរ សុភ័ណ្ឌ ក៏សំណូមពរឲ្យបងប្អូនជួយចែករំលែកនូវវីដេអូមួយនេះ ដើម្បីឲ្យសម្តេចតេជោ ជួយរកដំណោះស្រាយឲ្យបានប្រសើរជាងនេះ ហើយលោកក៏បានបន្ងែមចោទជាសំណួរទៅកាន់ក្រសួងអប់រំថា៖ “ខ្ញុំគ្រាន់តែចង់ដឹងថាខ្ញុំពិតជាយល់ច្រឡំ ឬក៏ក្រសួងគាត់បន្លំខ្ញុំ”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmer Note