ទោះបីជាយប់ងងឹតហើយក៏ដោយ ពួកគាត់នៅតែខំប្រឹងប្រមូលសំរាម ដើម្បីទីក្រុងស្អាតរបស់យើងទាំងអស់គ្នាដែរ

កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីយុទ្ធនាការប្រមូលសំរាមនៅលូទឹកស្អុយនៅម្តុំបឹងត្របែករបស់ក្រុមយុវជនស្ម័គ្រចិត្ត និងក្រសួងបានចូលរួមបន្តឥតស្រាកស្រាន្តនោះ យើងសង្កេតឃើញលូទឹកស្អុយ ដែលធ្លាប់តែមានសំរាមអណ្តែតពាសពេញនោះ ប្រែក្លាយជាមិនសូវមានសំរាមច្រើនឡើយ។ ប៉ុន្តែក្រោយពីខិតខំប្រឹងប្រែងសំអាតអស់ជាច្រើនថ្ងៃនោះ ស្រាប់តែពេលថ្មីៗនេះយើងសង្កេតឃើញចំនួនសំរាមចាប់ផ្តើមកើនឡើងមកវិញតែម្តង។

ដោយឃើញពីចំនួនសំរាមមានការកើនឡើងវិញនោះ ក្រុមយុវជនស្ម័គ្រចិត្តជាច្រើនបានចេញយុទ្ធនាការប្រមូលសំរាមរបស់ខ្លួនបន្តទៀត ដោយឥតរុញរាឡើយ។ ជាក់ស្តែងនៅរាត្រីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩នេះ ក្រុមយុវជនស្ម័គ្រ មានទាំងព្រះសង្ឃផងនោះបាននាំគ្នាចុះប្រមូលសំរាមនៅលូទឹកស្អុយនោះទៀត ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់។ ដូច្នេះហើយខ្មែរណូត សូមមេត្តាឲ្យបងប្អូនទាំងអស់គ្នាចេះស្រលាញ់បរិស្ថាន ដើម្បីទីក្រុងរបស់យើងមានអនាម័យ ដោយកុំបោះចោលសំរាមផ្តេសផ្តាស៕

ប្រភព៖ Khmer Note