មន្ត្រីចរាចរណ៍ក្រុង ថាឡានធំដែលបង្កគ្រោះថ្នាក់ មិនស្ថិតនៅតំបន់ហាមឃាត់មិនអោយរថយន្តធំធ្វើដំណើរទេ

ក្រោយផ្ទុះការរិះគន់សារជាថ្មីទៅលើមន្ត្រីចរាចរណ៍រាជធានី អភិបាលខណ្ឌ និង អភិបាលរាជធានីភ្នំពេញ ដែលមិនអាចធ្វើការហាមឃាត់រថយន្តធុនធំ បើកបរចូលក្រុង បុកអ្នកធ្វើដំណើរស្លាប់ស្ទើររាល់ថ្ងៃរួចមក ពេលនេះ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានធ្វើការបកស្រាយថា សាលារាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹង ដោយកំណត់ថាមិនអោយរថយន្តធុនធំ បើកបរចូលក្រុងក្នុងទឹកដី ខណ្ឌតែ ៤ ប៉ុណ្ណោះ។

បើតាមការអោយដឹងពីលោក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់ទៅសារព័ត៌មាន Fresh News មុននេះបន្តិចថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែល បង្កដោយរថយន្តធុនធំ ធ្វើការបុកនិងកិនធ្លាយខួរបណ្តាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនោះ លោកពិតជាមានអារម្មណ៍សោកស្ដាយ ហើយលោកក៏បានបន្ថែមផងដែរថា ចំពោះមតិរិះគន់ផ្សេងៗទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ លោកសូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ដោយកំណត់ហាមឃាត់រថយន្តធុនធំធ្វើចរាចរណ៍ចូលក្រុង ចំពោះ ៤ខណ្ឌប៉ុណ្ណោះ គឺ ខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌទួលគោក និងខណ្ឌចំការមន ដូច្នេះគ្រោះថ្នាក់ចរាចរណ៍នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យខាងលើនេះ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដូច្នេះមិនមែនជាកន្លែងដែលត្រូវបានហាមឃាត់ ឲ្យរថយន្ដធុនធំធ្វើ ចរាចរណ៍នោះឡើយ៕

ប្រភព៖ Khmer Note