អ្នកឧកញ៉ា គិត ធាង ត្រូវតុលាការសម្រេចឲ្យឃុំខ្លួនក្នុងពន្ធនាគារ PJ បណ្តោះអាសន្ន

នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជា បណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។ ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ “ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត” តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថានៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ​ នគរបាល​បញ្ជូនអ្នក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​ មក​សាលា​ដំបូងរាជធានីភ្នំពេញ ដេីម្បី​សាកសួរ​ករណី​គ្រឿងញៀនជិត៥០គីឡូក្រាម នៅមជ្ឍមណ្ឌលកំសាន្តរ៉ក់ (Rock)។ អ្នក​ឧកញ៉ា​ គិត​ ធាង​ ត្រូវបានធ្វើការឃាត់ខ្លួនសាកសួរកាលពី​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ ក្រោយពីសម្តេចតេជោ បានបញ្ជាឲ្យក្រសួងមហាផ្ទៃស្វែងរកមេក្លោងនៅក្រោយក្លឹបកំសាន្តរ៉ុកឲ្យទាល់តែឃើញ ដើម្បីយកមកផ្តន្ទាទោស៕

ប្រភព៖ Khmer Note