ផ្លូវជុំវិញផ្សារអូរឬស្សី ឈប់រញ៉េរញ៉ៃទៀតហើយ បន្ទាប់ពីការរៀបចំសណ្តាប់ធ្នាប់រួចមក

រាជធានីភ្នំពេញ៖ បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យើងសង្កេតឃើញនៅតាមបណ្តាខណ្ឌនានាក៏បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការរំដោះចំណីផ្លូវមកវិញផងដែរ។ ហើយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ដោយដាក់កម្លាំងឈរជើងប្រចាំការនៅផ្សារអូឬស្សី ដើម្បីណែនាំឲ្យបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរ កុំឲ្យយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម។

ជាលទ្ធផលផ្លូរធ្វើដំណើរនៅផ្សារអូរឬស្សី ដែលធ្លាប់តែចង្អៀតណែន ដោយសារតែការរំលោភចំណីផ្លូវរបស់អាជីវករលក់ដូរ ប្រែមកជាធំទូលាយងាយស្រួលដល់ការធ្វើដំណើរ។ អាជ្ញាធរក៏បានសំណូមពរឲ្យបងប្អូនអាជីវករទាំងអស់ បន្តអនុវត្តបែបនេះរហូត ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ទីក្រុង៕

ប្រភព៖ Khmer Note