ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ ប្រឈមមុខនឹងការទៅធ្វើពលករចំណាកស្រុកនៅថៃដូចដើមវិញ (មានវីដេអូ)

បញ្ហាដ៏រសើបរហូតធ្វើឲ្យសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) ផ្អាកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ក៏ព្រោះតែមិនអាចទទួលយកបាននូវការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។

យ៉ាងណាមិញម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ ក៏បានបង្ហាញនូវភាពអស់សង្ឃឹម ដោយលើកឡើងថាបើមិនមានដំណោះស្រាយល្អជាងនេះទេ ខ្លួនមានតែត្រឡប់ទៅធ្វើជាកម្មករនៅប្រទេសថៃដូចដើមវិញ។ ដោយ ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ សុភ័ណ្ឌ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ពីកម្មករប្តូរមកជាកីឡាករកាយវប្បកម្មខ្ញុំគិតថាជីវិតរបស់ខ្ញុំនឹងប្រសើរឡើង។ ប៉ុន្តែអ្វីៗវាបានផ្លាស់ប្តូរក្តីស្រមៃរបស់ខ្ញុំអស់ហើយ។ ខ្ញុំមានតែត្រឡប់ទៅធ្វើជាកម្មករនៅប្រទេសថៃដូចដើមវិញតែប៉ុណ្ណោះ បើនៅតែគ្មានដំណោះស្រាយល្អសំរាប់រូបខ្ញុំ ពិសេសគឺកីឡាកាយវប្បកម្មទាំងមូល អរគុណណាស់បងប្អូនកីឡារកាយវប្បកម្មនិងបងប្អូនកម្ពុជាទាំងអស់ដែលបានផ្តល់កំលាំងចិត្តដល់ខ្ញុំបាទ សំបូរ សុភ័ណ្ឌ ខ្ញុំស្រលាញ់កម្ពុជានិងអរគុណកម្ពុជាណាស់”៕

វីដេអូការប្រកួតកម្មវិធីជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ

ប្រភព៖ Khmer Note