មុនចេញទៅប្រកួតកីឡាកាយវប្បកម្ម កីឡាករចំណាយអស់រាប់ពាន់ដុល្លារ និងពេលវេលាច្រើនមែនទែន បើត្រឡប់មកជាមួយមេដាយមិនអីទេ តែបើអត់គឺចប់ហើយ

ក្រោយពីបានប្រកាសលាឈប់ លោក ណុំ សុបិន្ត ដែលជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្ម បាននិយាយរៀបរាប់ពីការលំបាករាល់ចេញទៅប្រកួតម្តងៗ ហើយថារាល់ចំណាយទាំងឡាយពោលគឺកីឡាករ និងសហព័ន្ធ ប៉ុណ្ណោះដែលជាអ្នកដោះស្រាយ។ ដោយលោកបានសង្កត់ធ្ងន់ថា ក្រសួងអប់រំ ពុំដែលខ្វល់ខ្វាយនិងជួយជ្រោមជ្រែងឡើយ ទាល់តែប្រកួតបានមេដាយ ទើបបានរង្វាន់ពីក្រសួង តែបើមកវិញដៃទទេវិញគឺអត់ហើយ។

ដោយ លោក ណុំ សុបិន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តាំងពីចាប់ផ្ដើមប្រកួតតំណាងជាតិមកអ្វីៗ គឺកីឡាករនិងសហព័ន្ធជាអ្នកដោះស្រាយទាំងស្រុង ទាំងរបបអាហារ ទាំងអាហារបំប៉ន ទាំងសំបុត្រយន្តហោះ ទាំងថ្លៃចុះឈ្មោះប្រកួត តើក្រសួងគាត់បានអោយអ្វីខ្លះដល់ពួកខ្ញុំគឺអត់មានទេ។ គាត់(ក្រសួង)ថាទាល់តែទៅប្រកួតបានមេដាយទើបបានប្រាក់រង្វាន់ បើអត់បានមេដាយទេអ្វីៗដែលមកខ្ញុំបានចំណាយពីខាងលើមកគឺខាតបង់ទាំងស្រុង ហើយក៏អស់មិនតិចនោះដែរ មួយប្រកួតៗគឺពួកខ្ញុំធ្វើសាច់អស់រាប់ពាន់ដុល្លា បើបានមេដាយគ្រាន់បានមកវិញខ្លះតែបើអត់បានមេដាយវិញគឺចប់ហើយ។ ហ៊ឺ…បើមុនពេលប្រកួតក្រសួងជួយពួកខ្ញុំត្រឹមតែទ្រូងមាន់មួយគីឡូនិងពងមាន់ដប់គ្រាប់ក៏ពួកខ្ញុំអស់ចិត្តដែរ តែនេះអត់មានទេតាំងពីដើមមកម្ល៉េះ។ តើអោយពួកខ្ញុំបន្តធ្វើអីទៀត ពួកខ្ញុំទៅមុខលែងរួចហើយ ពួកខ្ញុំហត់ហើយ ពួកខ្ញុំមិនអាចបន្តទៅមុខទៀតបាននោះទេ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រពួកខ្ញុំរហូតមកសូមអរគុណ”៕

ប្រភព៖ Khmer Note