ផ្សារអូរឬស្សីដែលធ្លាប់តែចង្អៀត ពេលនេះស្រួលធ្វើដំណើរវិញហើយក្រោយការណែនាំអាជីវករលក់ដូរហៀរមកលើចំណីផ្លូវ

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញកម្លាំងសមត្ថកិច្ចនៅក្នុងខណ្ឌ៧មករាបានបន្តការងារចុះអនុវត្តរំដោះចំណីផ្លូវនៅជុំវិញផ្សារអូរឬស្សីជារៀងរាល់ថ្ងៃ ដើម្បីធ្វើសណ្តាប់ធ្នាប់ ក៏ដូចជាណែនាំកុំឲ្យអាជីវករលក់ដូរហៀរមកលើចំណីផ្លូវបង្កឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ផងដែរ។ បន្ទាប់ពីចុះណែនាំរួចមក សង្កេតឃើញផ្លូវនៅខាងក្រោយផ្សារអូរឬស្សី ដែលធ្លាប់តែចង្អៀតនោះ ប្រែជាធំទូលាយងាយស្រួលក្នុងការធ្វើដំណើរយ៉ាងខ្លាំង។

ហើយកាលពីម្សិលមិញនេះដែរ បានចុះរៀបចំសណ្ដាប់ផ្លូវលេខ១៨២ ,ផ្លូវលេខ១៣៩ កែងផ្លូវលេខ១៦៦ ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រើនលក់ដូរមកលើផ្លូវថ្នល់ ដែលធ្វើឲ្យផ្លូវលេខ ១៦៦ ពិបាកក្នុងការធ្វើចរាចរណ៍។ បន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់រួច ផ្សារដែលនៅលើផ្លូវ១៦៦ ត្រូវបានបើកទូលាយឡើងវិញ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។ មុនពេលចុះរៀបចំសណ្តាប់ធ្នាប់ អាជ្ញាធរក៏បានធ្វើការប្រកាស និងទុករយៈពេលកំណត់ ដើម្បីឲ្យអាជីវករទាំងអស់រុះរើចេញពីលើផ្លូវផងដែរ៕