ពេជ្រ សោភា ប្រកាសស្វែងរកសប្បុរសជនឲ្យជួយសាងសង់សាលារៀន ក្រោយឃើញក្មេងៗគ្មានអាគារសិក្សា មានតែរៀននៅសាលាឆាន់

កំពូលតារាចម្រៀងកំពុងល្បី និងទាក់ទាញចំនាប់អារម្មណ៍ទស្សនិកជននាពេលបច្ចុប្បន្ន អ្នកនាង ពេជ្រ សោភា ក្រោយពីបានបញ្ចេញបទចម្រៀងជាច្រើនបទនិងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ យ៉ាងណាមិញថ្មីៗនេះក្រោយពីតារាចម្រៀង ពេជ្រ សោភា បានប្រទះឃើញនូវវីដេអូជាច្រើនដែលបង្ហាញពីសកម្មភាពក្មេងៗជាច្រើនបានប្រកាសសុំជំនួយជាសម្ភារៈសិក្សា និងអាគារសិក្សា។ ធ្វើឲ្យអ្នកនាងមានចិត្តអាណិតអាសូររហូតស្វែងរកបងប្អូនសប្បុរសជន ដើម្បីចូលរួមផ្តល់ជំនួយសាលារៀនដល់ក្មេងៗ។

ដោយអ្នកនាងបានសរសេរសារយ៉ាងខ្លីតែមានន័យថា៖ “ជូនសាលារៀនជូនអោយកូនៗបានរៀនសូត្រ ជួបគ្នាឆាប់ណាកូនៗ តើមានបងប្អូនណាចង់ជួយពួកគាត់ទេ?”។ គួររំលឹកថាក្មេងៗដែលបានសុំជំនួយនេះ ខ្វះខាតខ្លាំងនូវសម្ភារៈសិក្សា និងអាគារ ដោយសព្វថ្ងៃក្មេងៗទាំងអស់រៀននៅសាលាឆាន់របស់លោក ដែលមានទីតាំងនៅភូមិពង្រក វត្ដពង្រក ឃុំដែកជោ  ស្រុកឈូក ខេត្ដកំពត៕