ក្រោយពីមានការរិះគន់រឿងដុតសម្លៀកបំពាក់ក្លែងក្លាយ 2453កំប៉្លេ មិនទុកចែកឲ្យកុមារក្រីក្រ ឥលូវនេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយតបដោយមានហេតុផលមួយនេះ…

កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ នៅកន្លែងចាក់សម្រាមស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីបានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងការរៀបរាប់ខ្លឹមសាររួចមក ស្រាប់តែអ្នកលេងហ្វេសបុកបានចូលរួមមតិយោបល់ជាច្រើននាក់ ដោយភាគច្រើនលើកហេតុផលថា ហេតុអ្វីមិនយកសម្លៀកបំពាក់ដែលដុតនោះយកទៅចែកជូនកុមារក្រីក្រវិញ។ ក្រោយពីមានការរិះគន់ និងប្រតិកម្មពីអ្នកលេងហ្វេសបុក លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានធ្វើការបកស្រាយនៅលើផេក GRK NEWS ដដែលថា៖

“ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបជាមួយបងប្អូន សាធារណជនដែលបានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការដុតបំផ្លាញចោលសម្លៀកបំពាក់ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ពាណិជ្ជនាម និយាយជារួមគឺសម្លៀកបំពាក់ក្លែងក្លាយរូបសញ្ញាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ។

ជាបឋមខ្ញុំបាទសូមអរគុណចំពោះមតិយោបល់របស់បងប្អូន សាធារណជនទាំងអស់នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថ នាពេលកន្លងទៅ ខ្ញុំបាទសុំទទួលយកនូវមតិយោបល់ទាំងនេះ។
សូមបងប្អូនមេត្តាពិចារណាមើលបន្តិចថា បើយើងយកសម្លៀកបំពាក់ទាំងអស់នេះ ទៅចែកចាយ ឬចែកអំណោយជូនទៅអ្នកដទៃនោះ មានន័យថា សមត្ថកិច្ច ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគាំទ្រនូវផលិតផលក្លែងក្លាយនោះ។ ដោយសារមានការគិតគូរវែងឆ្ងាយ និងស្របតាមផ្លូវច្បាប់ផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបំផ្លាញចោលនូវសម្លៀកបពាក់ដែលចាប់យកចំនួន២.៤៥៣កំប៉្លេ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន សាធារណជនមេត្តាជ្រាបជាព័ត៌មាន។ បើបងប្អូន សាធារណជន មិនទាន់យល់អាចសួរមកយើងខ្ញុំបានគ្រប់ពេលវេលា។ សូមបងប្អូន សាធារណជនទទួលនូវការគោរពនិងសេចក្តីរាប់អានពីខ្ញុំបាទ។ សូមអរគុណ!” ប្រភព៖ Khmernote