ការចំណាយខ្ពស់ ជាមូលហេតុនាំឲ្យម្ចាស់យានយន្ត មិនចង់ទៅកាត់ឈ្មោះយានយន្តរបស់ខ្លួន ឲ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ អ្នកជំនាញ និងប្រជាពលរដ្ឋយល់ឃើញថា ដោយសារតែការចំណាយក្នុងការផ្ទេរកម្មសិទ្ធិយានយន្តខ្ពស់ពេក (កាត់ឈ្មោះ) ទើបម្ចាស់យានយន្តរុញរា មិនចង់ទៅកាត់ឈ្មោះរវាងអ្នកលក់ និងអ្នកទិញឲ្យបានត្រឹមត្រូវ ដែលជាហេតុនាំឲ្យមានភាពស្មុគស្មាញ ពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកវរសេនីយ៍ឯក ថី វិសាល នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា «ចំពោះការចំណាយខ្ពស់ ដែលហេតុនាំឲ្យប្រជាជនមិនចង់ទៅកាត់ឈ្មោះ លើយានយន្តរបស់ខ្លួននោះ គឺមានកត្ដា២៖ ទី១៖ ប្រជាពលរដ្ឋមិនចង់ទៅកាត់ឈ្មោះ ដោយសារពិបាកស្វែងរកម្ចាស់ដើមយានយន្តរបស់ខ្លួន និងទី២៖ កាត់ឈ្មោះនៅអគ្គនាយកដ្ឋានដឹកជញ្ជូន ឬនៅមន្ទីសាធារណការនេះ គឺមានតម្លៃមួយដែលបានកំណត់ដោយច្បាប់ លើតម្លៃសេវាសាធារណការ តែវាមានមួយទៀតដែលហៅថា ពន្ធប្រថាប់ត្រា ហើយពន្ធប្រថាប់ត្រានេះ គឺមានតម្លៃខ្ពស់នាពេលបច្ចុប្បន្ន ដែលមានរហូតដល់៤ភាគរយនៃតម្លៃយាន ដែលកត្តានេះហើយនាំឲ្យប្រជាពលរដ្ឋមិនចង់ទៅកាត់ឈ្មោះ»។

ការលើកឡើងបែបនេះ របស់លោកវរសេនីយ៍ឯក ថី វសាល បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។ពាក់ព័ន្ធបញ្ហានេះផងដែរ ប្រជាពលរដ្ឋជាច្រើននាក់ បង្ហាញការយល់ឃើញរបស់ពួកគាត់ ស្រដៀងគ្នានឹងមន្ត្រីនគរបាលជំនាញផងដែរ ដោយពួកគាត់លើកឡើងថា តាមពិតទៅគ្មាននរណាមិនចង់ ទៅកាន់ឈ្មោះយានយន្តឲ្យបានត្រឹមត្រូវនោះទេ ប៉ុន្តែដោយសារការចំណាយខ្ពស់ ដើមហេតុដែលធ្វើឲ្យពួកគាត់រុញរា។ ពួកគាត់លើកឡើងនូវសំណូមពរថា ប្រសិនបើការចំណាយសមរម្យ ហើយមានការសម្រួលបែបបទ និងពេលវេលាកាន់តែល្អនោះ គឺពួកគាត់ចង់ណាស់ ការកាត់ឈ្មោះនេះ។លោក អេង ប៊ុនហួច លើកឡើងថា «ប្រជាពលរដ្ឋចង់កាត់ឈ្មោះណាស់តែតម្លៃក៏ថ្លៃ ហើយរបៀបធ្វើក៏មិនស្រួល កាត់យ៉ាងមិចបើឡានទិញលក់មិនដឹងប៉ុន្មានដំណរ សូមមេត្តាធ្វើឲ្យមានភាពងាយស្រួលដល់ពួកយើងផង»។

ពលរដ្ឋម្នាក់ទៀតបានលើកឡើងថា «ផលវិបាកនៃការកាត់ឈ្មោះ គឺថ្លៃណាស់ តើរាជរដ្ឋាភិបាលអាចមានដំណោះស្រាយណាមួយ ដើម្បីជួយសំរួលដល់ប្រជាជនបានទេ ព្រោះខ្ញុំបាកសាកសួទៅឃើញថាថ្លៃពេក»។លោកវរសេនីយ៍ឯក ថី វសាល បានបញ្ជាក់ឲ្យដឹងថា ចំពោះការចំណាយខ្ពស់លើការ កាត់ឈ្មោះលើយានយន្តនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំសម្រួលលើបញ្ហានេះ ដោយបច្ចុប្បន្នក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរួមគ្នាតាក់តែងលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងមួយ ដើម្បីកំណត់លើការបង់សេវានេះ ដែលធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលជាងនេះ។ចំពោះផលវិបាកនៃការមិនទៅកាត់ឈ្មោះឲ្យបានត្រឹមត្រូវនេះ លោកវរសេនីយ៍ឯក ថី វិសាល បានបញ្ជាក់ថា ពិតជាមានការលំបាកដល់សមត្ថកិច្ច នៅពេលដែលយានយន្តនោះជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយប្រការណាមួយ និងមានបញ្ហាដល់ម្ចាស់ដើម នៃយានយន្តនោះនឹងជាប់ពាក់ផ្លូវច្បាប់ជាមួយសមត្ថកិច្ច។

លោកបានអំពាវនាវថា សម្រាប់ប្រជាពលដ្ឋរទាំងអស់ នៅពេលធ្វើការលក់ ទិញ និងផ្ដល់អំណោយ ឬលើស្ថានភាពផ្សេងៗទៀត លើបញ្ហាផ្លាស់ប្ដូរយានយន្តរបស់ខ្លួននោះ គឺសូមបងប្អូនមកបំពេញបែបបទ ក្នុងការផ្ទេកម្មសិទ្ធិ ឬកាត់ឈ្មោះលើយានយន្តរបស់ខ្លួន ដើម្បីកុំឲ្យមានផលលំបានទៅថ្ងៃក្រោយ នៅពេលដែលយានយន្តរបស់ខ្លួន ជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើស។លោកបានបន្តថា ចំពោះការផ្ទេកម្មសិទ្ធិ ឬការកាត់ឈ្មោះនេះ មុនឆ្នាំ២០១៦ គឺរាល់ការកាត់ឈ្មោះលើការទិញ លក់ និងអំណោយ ឬការផ្ដល់ឲ្យផ្សេងៗទៀតនោះ ដែលនាំឲ្យផ្លាស់ប្ដូនូវកម្មសិទ្ធករ អ្នកលក់ ឬអ្នកទិញ ត្រូវតែទៅផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះ នៅមន្ទីសាធារណការ ឬអគ្គនាយកដ្ឋានដឹកជញ្ជូន។ ដោយឡែកប្រសិនបើម្ចាស់ ឬអ្នកទិញមានការយឺតយ៉ាវក្នុងរយៈពេល៩០ថ្ងៃ គឺច្បាប់នឹងពិន័យគាត់ តែក្រោយមករាជរដ្ឋាភិបាល បានចេញសេចក្ដីណែនាំ ដោយទទួលស្គាល់នូវការកាន់កាប់ ជាក់ស្ដែងរបស់ប្រជាពលរដ្ឋផងដែរ។លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការកាត់ឈ្មោះនេះ សម្រាប់ម្ចាស់ និងអ្នកទិញនៅខេត្តផ្សេងគ្នា គឺការកាត់ឈ្មោះនោះត្រូវធ្វើការផ្លាស់ប្ដូរលើប័ណ្ណសម្គាល់យាន ឬកាត់គ្រី តែដោយឡែកចំពោះម្ចាស់និងអ្នកទិញរស់នៅក្នុងខេត្តតែមួយ ឬក្នុងរាជធានីភ្នំពេញតែមួយជាមួយគ្នា គឺការកាត់ឈ្មោះនេះមិនតម្រូវឲ្យមានការផ្លាស់ប្ដូរនូវផ្លាកលេខ ឬប័ណ្ណសម្គាល់យានយន្តនោះទេ គ្រាន់តែធ្វើការផ្ទេរកម្មសិទ្ធិពីមួយទៅមួយទេ៕ ផ្តល់សិទ្ធិដោយ៖ Freshnews