ព្រឹកនេះលោក ពេជ្រ ស្រស់ ចុះពិនិត្យការអនុវត្តទោសទៅលើកញ្ញា យិន ម៉ាណា ដែលកំពុងឃុំខ្លួននៅពន្ធនាគារ PJ

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីតំណាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចំនួន២រូប បានចុះពិនិត្យតាមដានការអនុវត្តទោសទៅលើកញ្ញា យិន ម៉ាណា ដែលកំពុងឃុំខ្លួននៅពន្ធនាគារ PJ។

សូមរំលឹកថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើករថយន្តទំនើប បុកនិស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសជាក្រោយតាមកំណត់ច្បាប់។

ការសម្រេចឃុំខ្លួនកញ្ញា យិន ម៉ាណា នេះគឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី កែវ សុគន្ធា បានចោទប្រកាន់លើជនសង្ស័យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ហើយបានបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង៕

ផ្តល់សិទ្ធិដោយ៖ Freshnews