BREAKING NEWS: ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលដល់ប្រទេសកម្ពុជាហើយ នាំឲ្យសត្វជ្រូកជាច្រើនក្បាលនៅខេត្តរតនគីរី ងាប់ជាបន្តបន្ទាប់

(ភ្នំពេញ)៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ដែលបានសម្លាប់សត្វជ្រូករាប់សិបក្បាល បានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដោយជំងឺនេះ ត្រូវបានមន្ត្រីរកឃើញកើតមានឡើង នៅក្នុងភូមិមួយរបស់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។

យោងតាមមន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចាប់តាំងពីករណីនេះឆ្លងចូលមកខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល ដែលសត្វជ្រូកទាំងនេះត្រូវបានដឹកនាំចូលពីប្រទេសវៀតណាម។

ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ បាននិងកំពុងមានវិធានការទប់ស្កាត់យ៉ាងខ្លាំងក្លានោះ ត្រូវបានមន្ដ្រីរបស់កម្ពុជា រកឃើញកើតមានឡើង នៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្ដែបញ្ហានេះត្រូវបានក្រសួងកសិកម្ម និងអាជ្ញាធរបាននិងកំពុងមានវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប្រភេទនេះ។

យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ លោក លី សុវណ្ណ បានអះអាងថា ជំងឺនេះមិនប៉ះពាល់ និងឆ្លងដល់មនុស្សនោះឡើយ ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការព្រួយបារម្ភ។

ទន្ទឹមនឹងចំណាត់ការនៃការទប់ស្កាត់ជំងឺមួយនេះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានចេញសេចក្ដីប្រកាស ពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក អាហ្វ្រិក នៅក្នុងភូមិសោមកានិញផងដែរ។ បើតាមលោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ផងដែរថា ជំងឺនេះមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែបណ្ដាលឲ្យជ្រូកឈឺ និងងាប់ដែលមានអត្រាខ្ពស់ រហូតទៅដល់១០០ភាគរយឯណោះ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹម ទិញលក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលដែលមានដើមកំណើតពីសត្វជ្រូក គ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺនេះត្រូវផ្អាកជាបណ្ដោះអាសន្ន។

បន្ថែមពីលើសេចក្ដីប្រកាសរបស់រដ្ឋមន្ដ្រីកសិកម្ម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា វិធានការចំពោះមុខនេះ ក្រសួងបានប្រមូលទិញសត្វជ្រូក នៅកន្លែងផ្ទុះជំងឺ ប្រមាណ១០០ក្បាល យកទៅសម្លាប់ និងដុតបំផ្លាញចោល ហើយមានវិធានការទប់ស្កាត់ ចរាចរណ៍ជ្រូក ក្នុងរង្វង់៣គីឡូម៉ែត្រ ហើយតាមដានស្រាវជ្រាវបន្ដទៀត ក្នុងរង្វង់១០គីឡូម៉ែត្រ។

យោងតាមស្ថិតិរបស់សមាគមអ្នកចិញ្ចឹមសត្វ បានឲ្យដឹងថា ក្នុងមួយថ្ងៃកម្ពុជាទទួលទានសាច់ជ្រូក ពី៤០០០ ទៅ៥០០០ក្បាល ហើយអាចនាំចូលពី១០០០ ទៅ២០០០ក្បាល។

ការរីករាលដាលនេះជំងឺនេះ ក៏មានការស្ដីបន្ទោសទៅលើមន្ដ្រីពាក់ព័ន្ធ ជាពិសេសអង្គភាពប្បសុសត្វនៅតាមព្រំដែនខេត្តរតនគិរី ដែលអនុញ្ញាតឲ្យនាំចូលសត្វជ្រូកមានជំងឺ ដោយពុំមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់៕ ផ្តល់សិទ្ធដោយ៖ Freshnews