ស្ងាត់ៗ តារា​ម៉ូដែល​ល្បី​ឈ្មោះ សូរ្យ អេនណា ចូល​រោងការ ជាមួយ​បុរស​ជន​ជាតិ​ហូទ្បង់ នៅ​ព្រឹកនេះ!

(ភ្នំពេញ)៖ ទស្សនិកជនសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាម៉ូដែលក៏ល្បីប្រចាំប្រទេសកម្ពុជា និងជាប្រធានក្រុមម៉ូដែល «តារារះថ្មីកម្ពុជា» កញ្ញា សូរ្យ អេនណា បានសម្រេចចិត្តដឹកដៃបុរសជនជាតិហូឡង់ ដ៏ស្រស់សង្ហារម្នាក់ ចូលរោងការនៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩នេះ ខណៈកម្មវិធីទាំងមូល គឺរៀបចំតាមបែបប្រពៃណីខ្មែរ។

បើតាមលោក សាវីន ហ្វីលីព បានឱ្យដឹងថា «កញ្ញា អេនណា សូរ្យ តារាបង្ហាញម៉ូតល្បីឈ្មោះ បានកំពុងចូលរោងការថ្ងៃនេះ ជាមួយលោក Maurice Boumence ជនជាតិហូទ្បង់, អតីតប្រធានគ្រប់គ្រងការិល័យជួរមុខរបស់សណ្ធាគារ Sofitel Phnom Penh បច្ចុប្បន្នផ្លាស់ទៅធ្វើការនៅទីក្រុង ហុងកុង។ សូមជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នា ដល់ចាស់កោងខ្នង និងមានសុភមង្គលជាមួយគ្នាជារៀងរហូត។ Congratulation Enna & Mourice special day 06 April 2019!»។

ជាការកត់សម្គាល់ តារាម៉ូដែលស្រីរាងខ្ពស់ស្រឡះសម្បុរស្រអែម កញ្ញា សូរ្យ អេនណា កាលពីកន្លងទៅមិនធ្លាប់លេចឮនូវរឿងរ៉ាវ មានទំនាក់ទំនងស្នេហ៍ជាមួយនរណាម្នាក់នោះទេ ខណៈនេះស្ងាត់ៗ គឺចូលរោងការតែម្តង។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាង មិនតិចនោះទេសម្តែងនូរការីករាយ និងរំភើបជំនួស ព្រោះនាងនិងស្វាមី មើលទៅពិតជាស័ក្តសមនឹងគ្នា យ៉ាងខ្លាំង។ អ្វីដែលពិសេសទិដ្ឋភាពនៅព្រឹកថ្ងៃមង្គលការរបស់នាង គឺមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួម មានទាំងជនជាតិបរទេស​ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបងប្អូនខ្មែរយ៉ាងច្រើន ខណៈអ្នកកំដរគឺសុទ្ធសឹងតែតារាម៉ូដែលល្បីៗផងនោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews