គ្រូបង្ហាត់ ក្បាច់គុនយុទ្ធក្រមខម ពៅ សុខចាន់ បស្លាប់ដោយសារក្រឡាប់រថយន្តនៅជើងភ្នំ ខេត្តព្រះវិហារ ពេលត្រឡប់មកពីបង្ហាត់ក្បាច់គុន ដល់បូលីសព្រំដែន

(ភ្នំពេញ)៖ ការស្លាប់របស់លោក ពៅ សុខចាន់ ដែលជាគ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម ប្រចាំសហពន្ធ័យុទ្ធក្រមខមកម្ពុជា និងជាគ្រូបង្ហាត់ប៉ូលីសព្រំដែន បានធ្វើឱ្យសិស្សច្បង និងសិស្សប្អូន រួមអាជីព ព្រមទាំងបងប្អូនជិតឆ្ងាយដែលស្គាល់លោក មានការក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ព្រោះមិនត្រឹមតែបាត់បង់មនុស្សល្អក្នុងសង្គមម្នាក់នោះទេ ថែមទាំងជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបផងដែរ ដោយសារលោក គឺជាបុគ្គលម្នាក់ បានសាបព្រោះនូវក្បាច់គុនខ្មែរ ដល់យុវវជនជំនាន់ក្រោយជាច្រើននាក់។

បើតាមលោក នរៈ តខ្លា ដែលត្រូវជាសិស្សច្បងធំ របស់លោក ពៅ សុខចាន់ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា លោក ពៅ សុខចាន់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ក្រឡាប់រថ្តយន្ត ខណៈដែលលោក និងក្រុមការងារពីរនាក់ផ្សេងទៀត ជិះរយន្តតាមជើងភ្នំនៃខេត្តព្រះវិហារ ត្រឡប់មកពីបង្ហាត់ក្បាច់គុន ដល់ប៉ូលីសព្រំដែនវិញ នៅវេលាម៉ោង ប្រមាណជាង ៥ល្ងាច កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩។ លោក នរៈ តខ្លា ថា ក្នុងហេតុការណ៍ក្រឡាបរថយន្តនេះ គឺលោក ពៅ សុខចាន់ ផ្ទាល់ជាអ្នកបើករថយន្ត និងអ្នករួមការងារពីរនាក់ផ្សេងទៀត ជាអ្នករួមដំណើរ ហើយមូលហេតុ គឺដោយសារជិះតាមជើងភ្នំជ្រុលចង្កូត ក៏បណ្តាលឱ្យរថយន្តក្រឡប់តែម្តង ធ្វើឱ្យអ្នករួមដំណើរពីរនាក់ រងរបួសស្រាល តែអកុសលអីតែលោក ពៅ សុខចាន់ រងរបួសធ្ងន់ រហូតបាត់បង់ជីវិត ពេលបញ្ចូនមកសង្គ្រោះនៅមន្ទីពេទ្យ។

លោក រនៈ តខ្លា បានឱ្យដឹងថា មុនពេលស្លាប់បាត់បង់ជីវិត ក្រុមការងារបានបញ្ចូន លោក ពៅ សុខចាន់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ បន្ទាប់ពីពិនិត្យឃើញថា ប៉ះពាល់ក្បាលខ្លាំង ក៏បញ្ចូនបន្តមកមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ តែជាអកុសលក្រុមគ្រួពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ដោយលោក សុខចាន់ បានស្លាប់បាត់បង់ជីវិតទៅហើយ នៅវេលាប្រមាណម៉ោង ១០ យប់ ថ្ងៃទី០៧។

គួរជម្រាប់ លោក ពៅ សុខចាន់ គឺជាគ្រូបង្ហាត់ក្បាច់គុណ យុទ្ធក្រមខមមួយរូប ប្រចាំសហពន្ធ័យុទ្ធក្រមខមកម្ពុជា និងមានតួនាទីជាមន្ត្រីបូលីសផងដែរ។ មុនពេលបាត់បង់ជីវិត លោកបានធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីបង្ហាត់ក្បាច់គុន ដល់ប៉ូលីសព្រំដែន ប៉ុន្តែជាអកុសក៏បានជួបគ្រោះថ្នាក់ខាងលើ បាត់បង់ជីវិតតែម្តង។ បច្ចុប្បន្នក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណីសាសនា នៅស្រុកកំណើត ដែលមានទីតាំងនៅស្រុកពាមជរ ខេត្តព្រៃវែង ខណៈសាកសពនឹងត្រូវបូជាតាមសាសនា នៅវេលាម៉ោង ១០យប់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩នេះ។ ផ្តល់សិទ្ធដោយ៖ freshnews