ឱក សុគន្ធកញ្ញា៖ «បុរសសង្ហាក្នុងកែវភ្នែកខ្ញុំ មិនមែនស្ថិតនៅលើរូបសម្បត្តិទេ គឺស្ថិតនៅលើទឹកចិត្ត»

(ភ្នំពេញ)៖ ខណៈថ្ងៃមង្គលការកាន់តែខិតជិតមកដល់នោះ កំពូលតារាចម្រៀងស្រីជួរមុខប្រចាំកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា បានរំលេចនូវកម្រងរូបភាពផ្អែមល្ហែម ជាមួយអនាគតស្វាមី គឺលោក អ៊ឹង សុខលី ដែលត្រូវប្អូនប្រុសថៅកែផលិតកម្មហង្សមាស ជាញឹកញាប់ ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍មួយចំនួន បង្ហាញពីលក្ខណៈសម្បត្តិមនុស្សក្នុងចិត្តនាង។ យ៉ាងណាមិញ ថ្មីៗនេះ ម្ចាស់បទ «ម៉ាប់ៗ» រូបនេះ បានបង្ហាញនូវពាក្យពេចន៍ក្នុងបណ្តាញសង្គម បង្កឱ្យមានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជន ដោយក្នុងសារទាំងនោះ ហាក់បីដូចជាបង្ហាញពីលក្ខណៈសម្បតិ្តរបស់ អនាគតស្វាមីនាងតែម្តង។

ភ្ជាប់ជាមួយនឹងរូបមួយសន្លឹក ថតជាមួយអនាគតស្វាមី ពេលយកចង្ហាន់ទៅប្រគេន ភិក្ខុ វជិរ ប្បញ្ញោ គូ សុភាព នោះ កញ្ញា ឱក សុគន្ធកញ្ញា បានរំលេចនូវសារយ៉ាងដូច្នេះថា «បុរសសង្ហាសម្រាប់ខ្ញុំ ជាមនុស្សវិជ្ជមាន មានទឹកចិត្ត តែងមានស្នាមញញឹមនៅលើមុខជានិច្ច ចេះអន់ឱន មិនសូវនិយាយច្រើន តែចេះលេងសើច មិនរឿងច្រើន ហើយមិនប្រកាន់ខ្លួន មិនថាទៅណាមកណា អ្នកដទៃតែងស្រឡាញ់ចូលចិត្ត។ សម្រាប់ខ្ញុំ សម្រស់របស់មនុស្ស គឺស្ថិតនៅលើចិត្ត មិនមែនរូបរាង។ បើម្នាក់នោះមានមុខមាត់ស្អាត តែគ្មានទឹកចិត្ត ទោះមើលយ៉ាងណា ក៏មិនឃើញថាសង្ហាដែរ។ ជឿទេ? ថាទឹកចិត្ត មានឥទ្ធិពលលើមនុស្សស្រី ជាងរូបរាងសង្ហា?»។

សំណេរយ៉ាងខ្លី បញ្ចប់ដោយសំណួរ ថា ជឿទេ? ថាទឹកចិត្ត មានឥទ្ធិពលលើមនុស្សស្រី ជាងរូបរាងសង្ហា? ពីសំណាក់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មិនតិចនោះទេ ចូលរួមខមមិនឆ្លើយឆ្លងគ្នា ពេញបណ្តាញសង្គម ដោយភាគច្រើនបញ្ចេញនូវមតិគាំទ្រ និងខ្លះកោតសរសើរ លាយឡំជាមួយនឹងសារជូនពរ ដល់នាង និងអនាគតស្វាមី ស្រឡាញ់គ្នាបែបនេះរហូត។

គូរជម្រាបថា មួយរយៈចុងក្រោយមកនេះ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជនមើលឃើញថា នាងបានចំណាយពេល ក្នុងការលំហែរកាយជាមួយគ្រួសារយ៉ាងច្រើន និងបានបង្ហោះពីសកម្មភាពទាំងនោះ ដល់ទស្សនិកជនបានដឹងគ្រប់ពេលផងដែរ។ បើនិយាយឱ្យចំ គឺហាក់បីដូចជាមិនលាក់បាំងរឿងឯកជនអ្វីច្រើនដូចមុននោះទេ ចាប់តាំងពីគ្រប់គ្នាដឹងថា នាងបានគូដណ្តឹងហើយ និងជិតចូលរោងការនៅពេលដ៏ខ្លីខាងមុខនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews