លោក សុខ សុគន្ធ៖ កោះត្រល់មិនមែនបាត់ដោយសម្តេច សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ដូចការចោទរបស់ក្រុមប្រឆាំងឡើយ (Video inside)

(ភ្នំពេញ)៖ កោះត្រល់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយវៀតណាមហៅថាកោះហ្វូគុកនោះ ជាប្រធានបទមួយដែលក្រុមអ្នកនយោបាយមាននិន្នាការប្រឆាំងតែងលើកយកមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្តង។ ពួកគេបានព្យាយាមសាបព្រោះទៅកាន់ប្រជាពលរដ្ឋខ្មែរដោយលើកឡើងថា កោះត្រល់នេះត្រូវបានបាត់បង់ដោយសារតែសម្តេចតេជោ ហ៊ុន សែន ក្នុងបំណងទាញទម្លាក់ប្រជាប្រិយភាពរបស់សម្តេចតេជោ និងកេងយកផលចំណេញផ្នែកនយោបាយ និងទាញយកប្រជាប្រិយភាព។

រហូតមកដល់ពេលបច្ចុប្បន្ននៅតែមានប្រជាពលរដ្ឋខ្មែរមួយចំនួនលង់ជឿតាមការបកស្រាយរបស់អ្នកនយោបាយមាននិន្ទាការប្រឆាំងនោះ ដាក់ការមន្ទិលសង្ស័យជុំវិញរឿងនេះ និងមានចិត្តអគតិគិតថា កោះត្រល់ត្រូវបានបាត់បង់ដោយសារសម្តេចតេជោ ហ៊ុន សែន តាមរយៈការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងសម្តេច ជាមួយភាគីវៀតណាមកាលពីទសវត្សរ៍ឆ្នាំ១៩៨៥។ លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គម និងនយោបាយមួយរូបកំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានចេញមកវែកញែក និងបកស្រាយទៅលើបញ្ហាមួយនេះ ដោយមានលើកយកនូវសម្រង់ឯកសារមួយចំនួនមកបង្ហាញផងដែរ។

ដោយយោងតាមឯកសារដែលខ្លួនបានស្រាវជ្រាវ លោក សុខ សុគន្ធ បានបង្ហាញថា កោះត្រល់ត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលកូសាំងស៊ីន នៅក្នុងឆ្នាំ១៩៣៩ ក្នុងពេលដែលបារាំងដាក់អាណានិគមនៅក្នុងប្រទេសឥណ្ឌូចិនរួមមានវៀតណាម កម្ពុជា និងឡាវ។ លុះក្រោយមកក្នុងសម័យគ្រប់គ្រង់របស់លោក ប្រេវីយេ លោកក៏បានបង្កើតជាខ្សែបន្ទាត់គ្រប់គ្រងមួយនៃតំបន់រដ្ឋបាលរវាងវៀតណាម និងកម្ពុជា ហើយបានកំណត់យកកោះត្រង់នេះស្ថិតនៅក្នុងទឹកដីវៀតណាម។បន្ថែមពីលើនេះ លោក សុខ សុគន្ធ ក៏បានលើកយកព្រះរាជបន្ទូលរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានឆ្លើយតបទៅនឹងព័ត៌មាន «The Daily Mirror» របស់ហ្វីលីពីន នៅឆ្នាំ១៩៦៨ មកបញ្ជាក់ឱ្យបានជ្រាបផងដែរ។ នៅក្នុងទំព័រសារព័ត៌មាននោះ សម្តេច នរោត្តម សីហនុ បានគូសបញ្ជាក់ថា កម្ពុជាចង់បាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយបោះបង់ចោលនូវការទាមទារទឹកដីរួមទាំងកោះត្រល់ផង ដោយសុំឱ្យវៀតណាមទទួលស្គាល់នូវព្រំដែនកម្ពុជានាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។

លោក សុខ សុគន្ធ បានអះអាងថា ការបាត់បង់កោះត្រល់មិនមែនបាត់ដោយសារសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ពោលកោះនេះត្រូវបានបារាំងកាត់ទៅឱ្យវៀតណាមក្នុងពេលធ្វើអាណានិគម ហើយពេលកម្ពុជាទាមទារបានឯករាជ្យវិញនៅឆ្នាំ១៩៥៣ បារាំងមិនបានបញ្ជាក់ពីការផ្ទេរកោះត្រល់មកឱ្យកម្ពុជាវិញនោះឡើយ។ អ្នកអធិប្បាយបញ្ហាសង្គមរូបនេះ បានលើកឡើងថា មានមធ្យោបាយតែមួយគត់ក្នុងការទាមទារកោះត្រល់មកវិញ គឺការប្តឹងទៅបារាំង ដែលជាប្រទេសធ្វើអាណានិគម និងជាអ្នកបែងចែក និងកំណត់ព្រំដែនកម្ពុជា និងវៀតណាមកាលពីពេលនោះ។ ជាមួយការពន្យល់ហេតុផលនាំឱ្យបាត់បង់កោះត្រល់ និងវិធីទាមទារយកមកវិញហើយនោះ លោក សុខ សុគន្ធ ក៏បានរិះគន់ទៅក្រុមប្រឆាំង រួមទាំងទណ្ឌិត សម រង្សុី ផងថា មានដែលបានប្តឹងទាមទារកោះត្រល់ពីប្រទេសបារាំងដែរ? ខណៈដែលរូបលោករស់នៅក្នុងប្រទេសបារាំងស្រាប់នោះ។

លោក សុខ សុគន្ធ បានធ្វើការអះអាងថា លោក សម រង្សុី រួមនឹងអ្នកប្រឆាំងដទៃទៀត មិនដែលបានប្តឹងទៅរដ្ឋាភិបាលបារាំងក្នុងការទាមទារកោះត្រល់ម្តងណានោះឡើយ។ ការមិនទាមទារមានហេតុផលសំខាន់ចំនួនពីរ ទីមួយគឺបារម្ភខ្លាចបារាំងដេញពួកគេចេញពីប្រទេសបារាំង និងទីពីរ គឺគេទុកបញ្ហានេះ ដើម្បីកេងចំណេញផ្នែកនយោបាយពីប្រជាពលរដ្ឋខ្មែរ។ លោក សុគន្ធ ក៏បានវាយសំពងទៅលើលោក រ៉ុង ឈុន ដែលបានលើកយកបញ្ហាកោះត្រល់ដោយត្រឹមសំអាងលើសៀវភៅសិក្សាភូមិវិទ្យារបស់ខ្មែរថ្នាក់ទី៧ បោះពុម្ពផ្សាយនៅឆ្នាំ១៩៨៥។ លោកបានអះអាងថា សៀវភៅសិក្សាមិនអាចយកមកជាសំអាងក្នុងការតវ៉ារឿងទឹកដីដូចជាឯកសារនានានោះឡើយ។

លោកបានលើកឡើងថា នៅគ្រប់ប្រទេសដែលមានជម្លោះទឹកដីដូចជាវៀតណាម ថៃ ឡាវ និងចិនជាដើម គឺគេតែងតែនិយាយយកចំណេញដោយការអះអាងថា តំបន់នេះ ឬតំបន់នោះ គឺជាទឹកដីរបស់ពួកគេ តែការសម្រេចលើបញ្ហាទឹកដីមិនអាចសំអាងលើការនិយាយ ឬការអះអាងរបស់ប្រទេសណាមួយនោះឡើយ គឺស្ថិតនៅលើការភស្តុតាង ដែលមានបញ្ជាក់នៅក្នុងឯកសារពាក់ព័ន្ធជាប្រវត្តិសាស្ត្រ៕ ផ្តល់សិទ្ធិដោយ៖ Freshnews