សមត្ថកិច្ចរកឃើញអត្តសញ្ញាណរថយន្តរបស់ជនប្រើហិង្សា លើស្ត្រីនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញហើយ, សមត្ថកិច្ចកំពុងតាមវែកមុខបុរសប្រើហិង្សា (Video inside)

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណរថយន្តរបស់បុរសដែលបានប្រើហិង្សាទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទនៅផ្សារកណ្តាលហើយ ហើយកំពុងតែតាមវែកមុខបុរសជាអ្នកបង្កអំពើហិង្សានេះ។ បើតាមសមត្ថកិច្ចបានអះអាងថា រថយន្តដែលបុរសប្រើហិង្សានេះជិះ គឺបានចុះបញ្ជីថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មិនមែនមែនជាកម្មសិទ្ធិបុគ្គលនោះឡើយ។ ព្រោះតែហេតុនេះហើយទើបនាំឱ្យសមត្ថកិច្ចពិបាកកំណត់មុខសញ្ញារបស់ជនប្រើហិង្សា តែទោះជាយ៉ាងណាតាមរយៈតម្រុយនេះ គឺនឹងឈានទៅកំណត់មុខសញ្ញារបស់បុរសប្រើហិង្សាក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។យោងតាមស្ត្រីដែលជាអ្នករងនូវអំពើហិង្សាបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសបង្កអំពើហិង្សាបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ។ ដោយឃើញរថយន្តបើកលឿនស្ទើរតែបុកខ្លួនដែលកំពុងដើរនោះ នារីរងគ្រោះ ក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ។

បើតាមការរៀបរាប់របស់នារីរងគ្រោះ បានឱ្យដឹងថា ក្រោយខ្លួនលើកឡើងបែបនោះ បុរសបង្កអំពើហិង្សាក៏បានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅលើជនបង្កហិង្សាវិញផងដែរ។បន្ទាប់ពីនារីរងគ្រោះជេរតបបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានស្ទុះមកទះនារីរងគ្រោះមួយកំផ្លៀងឱ្យដួលអុកគូទទៅនឹងថ្នល់តែម្តង។ ក្រោយពីទះកំផ្លៀងហើយ បុរសបង្កហេតុក៏បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។រូបភាពនៃការប្រើអំពើហិង្សានេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ព្រោះរូបភាពប្រើអំពើហិង្សានេះជារូបភាពដ៏អាក្រក់មួយនៅក្នុងសង្គមខ្មែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews