Update: ប្រតិបត្តិការចុះបង្ក្រាបនៅក្លឹបកម្សាន្ត «ម៉ៃអាមី» យុវជន៥០នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន បាននឹងកំពុងសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាប់បន្ថែមមកអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ថា យុវជនប្រមាណ៥០នាក់ ក្នុងនោះមានស្ត្រី១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាប នៅក្នុងក្លឹបកម្សាន្ត យីហោ «ម៉ៃអាមី» កាលពីយប់មិញ ស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបញ្ជាក់ទៀតថា ដោយការសន្និដ្ឋាន និងសាកសួរជាជំហ៊ានដំបូងនោះ នៅក្នុងចំណោមយុវជនទាំង៥០នាក់ ដែលត្រូវបានចាប់ខ្លួននេះ គឺមានពាក់ព័ន្ធនឹងគ្រឿងញៀនច្រើន ដោយសារតែនៅក្នុងប្រតិបត្តិការចុះបង្ក្រាបសមត្ថកិច្ច បានរកឃើញឧបករណ៍ប្រើប្រាស់ សម្រាប់បម្រើការជក់ថ្នាំញៀនមួយចំនួនធំផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ម្សិលមិញ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លឹបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

ក្លឹបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបានទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង។
មន្ត្រីជាន់ខ្ពស់ បានបន្ថែមថា បច្ចុប្បន្នយុវជនទាំង៥០នាក់ ដែលបង្ក្រាបបាននៅក្នុងក្លឹបកម្សាន្ត យីហោ «ម៉ៃអាម៊ី» ត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Freshnews