ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបាឡែនបុកជាមួយរថយន្ដដឹកទឹកកក នៅក្រុងសួង ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ដបាឡែន បុកជាមួយរថយន្ដ ហ៊ីយ៉ាន់ដាយ នៅវេលាទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា រថយន្ដបាឡែនជិះគ្នា៤នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ដោយប្រើប្រាស់ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានបុករថយន្ដហ៊ីយ៉ាន់ដាយ ដឹកទឹកកកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដបាឡែន៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា រថយន្ដបាឡែន ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ សៅ សុធា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ៣នាក់ទៀត ទី១៖ឈ្មោះ កាន់ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ), ទី២៖ឈ្មោះ លី ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣៖ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអូតាគាំ១ សង្កាត់ទួលតាអែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសធ្ងន់)។ ដោយឡែក អ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកសពត្រូវបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្ដទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Freshnews