មនុស្សជិត «៣០០នាក់ស្លាប់ និង២,៨០៧នាក់របួស» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ

(បាងកក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមេសា នេះអាជ្ញាធរថៃបានប្រកាសឲ្យដឹងថា នៅក្នុងរយៈពេល ០៥ថ្ងៃ នៃការប្រារព្ធទិវាបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសថៃ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងសរុប ២,៧០២ករណី ក្នុងនោះបានបង្កឲ្យមនុស្ស ២៩៧នាក់ស្លាប់ និង ២,៨០៧នាក់រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។

បុណ្យសង្ក្រាននៅប្រទេសថៃ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ​ ដោយមានរយៈពេល ០៥ថ្ងៃ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍​បានកើតមានឡើងនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ខេត្តឈាងម៉ៃ នៃភាគឦសានប្រទេសថៃវិញ ត្រូវបានគេរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ បើធៀបនឹងខេត្ត ឬក្រុងផ្សេងទៀត រួមទាំងទីក្រុងបាងកកផងដែរ។

បន្ថែមពីខាងលើនេះទៀត ខេត្តឧដនថានី ជាខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេរហូតដល់ ១៤នាក់ ខណៈខេត្តឈាងម៉ៃមានមនុស្សរងរបួសច្រើនជាងគេ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ១០៤នាក់។ សម្រាប់កត្តាដែលបានបង្កគ្រោះថ្នាក់​ច្រើនជាងគេនោះ គឺការបើកបរក្នុងលក្ខណៈស្រវឹង មានរហូតដល់ទៅ ៤០.៦៨ភាគរយ ខណៈការបើកបរលើសល្បឿនកំណត់ នាំឲ្យកើតមានគ្រោះថ្នាក់វិញ គឺមានចំនួន ២៧.៥៤ភាគរយ។

គួរបញ្ជាក់ថា បើធៀបនឹងឆ្នាំ២០១៨ តួលេខនៃមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​នៅក្នុងពិធីបុណ្យសង្ក្រានស្រុកថៃ គឺមានការថយចុះខ្លាំង ព្រោះកាលពីឆ្នាំ២០១៨ មនុស្សសរុប ៣៧៨នាក់បានស្លាប់ក្នុងកំឡុងពេល ៥ថ្ងៃ ខណៈមនុស្សជាង ៣,៥៧០នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៣,៤១៨ករណី ដែលភាគច្រើនបំផុតបង្កឡើងដោយអ្នកជិះ​ម៉ូតូតែម្តង។ ដោយឡែកនៅឆ្នាំ២០១៩ វិធានការក្តៅត្រូវបានបញ្ចេញ ដូចជាការបង្កើនប៉ុស្តិ៍ត្រួត​ពិនិត្យសុវត្ថិភាពរហូតដល់ជាង ២,០០០កន្លែង ជាមួយនឹងប៉ូលិសជាង ៦៥,៣០០នាក់៕ផ្តល់សិទ្ធិដោយ៖ Freshnews