ក្រុមយុវជន និងក្មេងៗដែលស្រឡាញ់បរិស្ថានស្អាត នាំគ្នារើសសំរាម ក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ ទទួលបានការកោតសរសើរ

(មណ្ឌលគីរី)៖ រូបភាពបង្ហាញពីក្រុមយុវជន និងក្មេងៗដែលស្រឡាញ់បរិស្ថានស្អាត បាននាំគ្នាបើកយុទ្ធនាការរើសសំរាម នៅខេត្តមណ្ឌលគីរី ក្រោយចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ អស់រយៈពេល៣ថ្ងៃ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីមហាជននៅបណ្តាញសង្គម ដែលនេះជាគំរូដ៏ល្អដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាបរិស្ថានល្អ ដើម្បីសុខភាពល្អ និងបរិយាកាសស្រស់បំព្រង។

តាមការឲ្យដឹងពីភ្នាក់ងារនៅខេត្តមណ្ឌលគីរី បានឲ្យដឹង ក្រុមយុវជននិងក្មេងៗបានចាប់ផ្តើមតាំងពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ និងបន្តទៅថ្ងៃស្អែកទៀត ហើយមិនថាតែរើសសំរាមនៅតាមរមណីយដ្ឋាននានាទេ សូម្បីតែនៅតាមដងផ្លូវមួយចំនួន និងកន្លែងលក់ដូរក៏បានចូលរួមសំអាតដែរ។ ចំណុចនេះសូមឲ្យតាមបណ្តារាជធានី និងខេត្តក្រុងទូទាំងប្រទេស នាំគ្នាធ្វើយុទ្ធនាការសំអាតសំរាមដើម្បីសង្គមយើងមានបរិស្ថានល្អ និងរស់នៅស្អាត។

ភ្នាក់ងារបញ្ជាក់បន្ថែមថា ក្រុមយុវជន និងក្មេងៗ ដែលនាំគ្នាសំអាតសំរាមនេះក៏ជាអ្នកទេសចរណ៍ពីភ្នំពេញ មកលេងកំសាន្តនៅខេត្តមណ្ឌលគីរី មិនមែនជាអ្នករស់នៅខេត្តមណ្ឌលគីរីនេះទេ ប៉ុន្តែពួកគាត់មានឆន្ទះនិងទឹកចិត្តក្នុងសំអាតសំរាមដែលជាគំរូដ៏ល្អមួយ។ យោងតាមរបាយការណ៍វាយតម្លៃជំហានដំបូងរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា សម្រាប់ខេត្តមណ្ឌលគីរី មានភ្ញៀវទេសជាតិ និងអន្តរជាតិ ប្រមាណជាង២៥០០០នាក់ ទៅលេងកំសាន្តរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

តាមការវាយតម្លៃជំហានដំបូង គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍ សង្ក្រាន្តសំខាន់ៗ សរុបប្រមាណ ៤,៧២៦,៦០២នាក់ ដែលកើនឡើង ៦៧.០២%។ តួលេខនេះគ្រាន់តែជាការវាយតម្លៃជំហានដំបូង សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍ សង្ក្រាន្តសំខាន់ៗតែប៉ុណ្ណោះ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង៣លាននាក់ទេ សម្រាប់រយៈពេល៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងលើ ដូច្នេះចំនួនសរុបប្រមាណជាង៧លាននាក់ បាននាំគ្នាដើរលេងកំសាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនេះ បើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដល់អង្គភាពព័ត៌មាន Fresh News៕ ផ្តល់សិទ្ធិដោយ៖ Freshnews