ប្រជាជាតិថៃទាំងមូលកំពុងត្រៀមសម្រាប់ «ព្រះរាជពិធីឡើងគ្រងរាជ្យនៃស្តេចអង្គថ្មី» នាដើមខែឧសភា ឆ្នាំ២០១៩!

(បាងកក)៖ កងទ័ពជើងនៃប្រទេសថៃនាថ្ងៃពុធសប្តាហ៍នេះ បានធ្វើការហាត់សមបាញ់កាំភ្លើងធំ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីផ្លូវការ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នៅដើមខែក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។

កាលពី០២សប្តាហ៍មុន ប្រទេសថៃក៏បានចាប់ផ្តើមការរៀបចំជាបណ្តើរៗផងដែរ សម្រាប់ការឡើងសោយរាជ្យសម្បត្តិជាផ្លូវរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងប្រព្រឹត្តទៅក្នុងព្រះរាជពិធីដ៏ឱឡារិក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ។ គួរជម្រាបថា ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលមាននាមជាព្រះចៅរាមាទី ១០ នៃព្រះរាជាណាចក្រថៃ បានឡើងស្នងរាជ្យជាព្រះមហាក្សត្រ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ គឺជាព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានគ្រងរាជ្យអស់រយៈពេលដល់ទៅ ៧០ឆ្នាំ យូរជាងគេនៅលើសកលលោក៕ ផ្តល់សិទ្ធិដោយ៖ Freshnews