មន្ត្រី៖ ព្រលានយន្តហោះភ្នំពេញថ្មី លើទឹកដីខេត្តកណ្តាល និងតាកែវ ត្រូវការពេលវេលាធ្វើការសាងសង់ ចាប់ពី៤ទៅ៦ឆ្នាំទើបរួចរាល់

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំសាងសង់ នៅលើកទឹកដីខេត្តកណ្តាល និងតាកែវនោះ អាចនឹងត្រូវចំណាយពេលវេលាពី៤ ទៅ៦ឆ្នាំ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ថ្មីៗនេះ គណៈកម្មការអន្តរក្រសួងដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាននោះ ដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល និងតាកែវ មានភារកិច្ច, ក្នុងការពិនិត្យ, សិក្សាវាយតម្លៃដី, ការដោះស្រាយដីធ្លី, ការរៀបចំដីធ្លី, រួមទាំងការពិនិត្យ, ផ្តល់យោបល់លើផែនការមេ, តាមដាន និងត្រួតពិនិត្យការសាងសង់ ជាពិសេសការសិក្សាវាយតម្លៃដី, ការដោះស្រាយដីធ្លី, ការរៀបចំដីធ្លី គឺត្រូវការពេលវេលាមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា យល់ឃើញថា សម្រាប់គម្រោងអាកាសយានដ្ឋានថ្មីមិនទាន់ដឹងទេថា នឹងចាប់ផ្តើមនៅពេលណាទេ អាស្រ័យទៅលើគណៈកម្មការដោះស្រាយផ្នែកសង្គម និងបរិស្ថានពិសេសពាក់ព័ន្ធនឹង ដំណោះស្រាយដីធ្លី តែលោកយល់អាចនឹងត្រូវការពេលប្រហែល១ ឬ២ឆ្នាំ ទើបដោះស្រាយចប់។

ថ្លែងក្នុងកិច្ចសម្ភាសន៍ ភ្ញៀវពិសេសប្រចាំសប្ដាហ៍របស់ទូរទូស្សន៍ Fresh News លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា ឲ្យដឹងថា «កង្វល់ដែលពាក់ព័ន្ធដល់បញ្ហាបរិស្ថាន គឺត្រូវសិក្សាពិនិត្យឱ្យអស់គ្រប់ជ្រុងជ្រោយ ទើបបានចាប់ផ្តើមការដ្ឋានបាន អីចឹងខ្ញុំមិនអាចជំរាបជូនថា ពេលណាត្រូវធ្វើនោះទេ។ ប៉ុន្តែបើរាប់ពីថ្ងៃចាប់ផ្តើមទៅ បើតាមបទពិសោធន៍លក្ខណៈអន្តរជាតិ អាកាសយានដ្ឋានទំហំប៉ុណ្ណឹង ត្រូវការពេលវេលាធ្វើការសាងសង់ចាប់ពី៤-៦ឆ្នាំ»។

លោកឲ្យដឹងថា ការកសាងអាកាសយានដ្ឋានថ្មីនេះ យើងបានគិតគូរយ៉ាងវែងឆ្ងាយ ដោយប្រើប្រាស់ទស្សនៈយូរអង្វែង ដើម្បីធានាថាអាកាសយានដ្ឋានពុំមានកង្វល់ និងបញ្ហាផ្សេងៗក្នុងការពង្រីក។

លោកបន្ថែមថា កន្លងមកមានពាក្យចចាមរាមថា អាកាសយានដ្ឋាននេះអាចផ្លាស់ប្ដូរទីតាំង តែតាមពិតទៅបើតាមរយៈការសហការជាដៃគូរវាងក្រុមហ៊ុន OCIC និងគណៈកម្មការរួចមកឃើញថា មិនមានសភាពណាមួយដែលអាចសនិដ្ឋានថា នឹងផ្លាស់ប្ដូរទីតាំងនោះឡើយ។ អ្វីដែលនឹងត្រូវដោះស្រាយ គឺដោះស្រាយផលប៉ះពាល់លើផ្នែកសង្គម និងបរិស្ថានតែប៉ុណ្ណោះ គឺទីតាំងព្រលានយន្ត គឺនៅដដែលមិនផ្លាល់ប្តូរទៅណានោះទេ។

គួររំឮកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិនផងដែរ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕ ផ្តល់សិទ្ធិដោយ៖ Freshnews